realme GT Master Edition series ប្រកាសចេញជាផ្លូវការហើយ! ស្វែងយល់ពីលក្ខណៈសម្បត្តិបន្ថែមទីនេះ!​
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

កន្លងមក យើងបានទទួលដំណឹងលេចធ្លាយរាងច្រើនគួរសមដែរហើយ ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិមួយចំនួន លើទូរសព្ទម៉ូឌែល GT Master Edition series ជំនាន់ថ្មី របស់ក្រុមហ៊ុន realme ក្នុងនោះ យើងក៏បានឃើញច្បាស់ពីរូបរាងពិតផ្លូវការ ផងដែរ បើទោះជាទូរសព្ទ Edition នេះ មិនទាន់ដល់ថ្ងៃប្រកាសចេញ ក៏ដោយ។ យ៉ាងណា ការរង់ចាំក៏បានដល់ហើយ ព្រោះពេលនេះ realme បានបញ្ចេញវត្តមាន GT Master Edition series ជំនាន់ថ្មី ជាផ្លូវការហើយ មានចំនួន 2 ម៉ូឌែល រួមមាន realme GT Master Edition និង realme GT Master Exploration Edition។ តោះ... អ៊ីចឹង មកតាមដានពីលក្ខណៈសម្បត្តិដូចខាងក្រោម ទាំងអស់គ្នា៖

សម្រាប់រូបរាងទូរសព្ទ មានខ្នងខាងក្រោយ ត្រូវបានរចនាឡើង ជារាងដូចវ៉ាលី អ៊ីចឹង មានលំនាំម៉ូតរាងរលាក់ៗ ជាមួយការក្រាលពាសដោយស្បែកប្រភេទទន់ ដែលវាអាចនឹងស្និតល្អ ពេលចាប់កាន់ផ្ទាល់ដៃ។ សម្រាប់ realme GT Master Exploration Edition ត្រូវបានបំពាក់មកជាមួយអេក្រង់កោង 6.55 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមាន Refresh Rate 120Hz។ ចំណែកម៉ូឌែល Master Edition ធម្មតា មានអេក្រង់តូចជាបន្តិច 6.43 អ៊ីញ ជាប្រភេទ Super AMOLED ដូចគ្នា និងមាន Refresh Rate 120Hz ដូចគ្នា។ 

ទូរសព្ទទាំងពីរនេះ មានកាមេរ៉ាខាងមុខ សម្រាប់ថត Selfie ទំហំ 32 មេហ្គេភិចសែល និងប្រើប្រាស់សេនស័រ ស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ដូចគ្នា។ ចំណែកកាមេរ៉ាខាងក្រោយវិញ វារាងមានកន្លែងខុសគ្នាបន្តិច ដោយចំពោះ realme GT Master Exploration Edition ត្រូវបានបំពាក់លេនគោលទំហំ 50 មេហ្គាភិចសែល ប្រើប្រាស់សេនស័រ Sony IMX766 មាន OIS + លេនទូលាយទំហំ 16 មេហ្គាភិចសែល និងលេនម៉ាក្រូ 2 មេហ្គាភិចសែល។ ចំណែកម៉ូឌែ GT Master Edition មានលេនគោលទំហំ 64 មេហ្គាភិចសែល + លេនទូលាយទំហំ 8 មេហ្គាភិចសែល និងលេនម៉ាក្រូ 2 មេហ្គាភិចសែល។ 

ក្នុងនោះ សូម្បីតែបន្ទះឈីបក៏ខុសគ្នាដែរ ដោយម៉ូឌែល GT Exploration Edition ប្រើប្រាស់ប្រភេទ Snapdragon 870 ខណៈម៉ូឌែលធម្មតា ប្រើប្រាស់ Snapdragon 778G ជំនួសវិញ។ វាក៏មានជម្រើស 2 ប្រភេទដែរ គឺរ៉េម 8GB និង 12GB ចំណែកអង្គផ្ទុកទិន្នន័យមាន 128GB និង 256GB។ រីឯថាមពលថ្ម realme GT Master Exploration Edition មានទំហំ 4500mAh និង 4300mAh លើម៉ូឌែល realme GT Master Edition ប៉ុន្តែចំពោះការសាកថ្ម គេផ្តល់មកជាមួយដុំសាក SuperDart កម្លាំង 65W ដូចគ្នា។

ចំនុចចុងក្រោយ realme GT Master Edition មានជម្រើសពណ៌ ដូចជា ប្រផេះ, ស និងពណ៌បែប Gradient ហើយតម្លៃដើមវិញ គឺចាប់ពី 370 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB និង 400 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB។ ចំណែកម៉ូឌែល realme GT Master Exploration Edition វិញ មានជម្រើសពណ៌ ស និងពណ៌ Apricot រីឯតម្លៃ គឺចាប់ពី 432 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB និង 478 ដុល្លារ សម្រាប់រ៉េម 12GB + អង្គផ្ទុកទិន្នន័យ 256GB ហើយចំពោះការដាក់លក់លើកដំបូង នៅក្នុងប្រទេសចិន គឺនៅថ្ងៃទី 30 ខែកក្កដា ឆាប់ៗខាងមុខនេះ។

 

ដោយ​ ៖ GSM Arena
អត្ថបទទាក់ទង