Samsung ទំនងជាបំពាក់មុខងារការពារទឹក IPX8 ទាំងនៅលើ Galaxy Z Fold3 និង Galaxy Z Flip3 តែម្ដង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ Samsung ប្រកាសចេញជាផ្លូវការហើយថា គេនឹងបើកព្រឹត្តិការណ៍ Unpacked ថ្មីមួយ នៅក្នុងថ្ងៃទី 11 ខែសីហាខាងមុខនេះ ហើយបើតាមរូបភាពដែលគេបង្ហាញនោះ អាចបញ្ជាក់ឲ្យដឹងថា ផលិតផលសំខាន់ជាគោលក្នុងការប្រកាសចេញរបស់គេគឺ Galaxy Z Fold3 និង Galaxy Z Flip3 ហ្នឹងឯង។ ដោយឡែកនៅក្នុងពេលនេះ យើងទទួលបានការបញ្ជាក់ថ្មី ពីសំណាក់អ្នកចែករំលែកព័ត៌មានបែកធ្លាយមួយរូប ដោយការបញ្ជាក់នោះគឺទាក់ទងនឹងមុខងារការពារទឹក នៅលើទូរសព្ទឆ្លាតខាងលើតែម្ដង។

កន្លងមកនេះ ក៏ធ្លាប់មានការបង្ហាញដែរថា Galaxy Z Fold3 និង Galaxy Z Flip3 អាចនឹងមានមុខងារការពារទឹកស្ដង់ដារ IP ថែមទៀតផង ប៉ុន្តែក្នុងនោះមិនមានការបញ្ជាក់ថាកម្រិតណាឲ្យច្បាស់នោះទេ។ ក្រឡេកមកមើលការបង្ហាញចេញពីសំណាក់ ម្ចាស់គណនី Twitter ឈ្មោះ Max Weinbach កាលពីពេលថ្មីៗនេះវិញ បានបញ្ជាក់យ៉ាងជាក់លាក់តែម្ដងថា Galaxy Z Fold3 និង Galaxy Z Flip3 នឹងទទួលបានមុខងារការពារទឹកកម្រិត IPX8 ដូចគ្នា។ កម្រិត IPX8 មានន័យថា ជាកម្រិតមួយដែលអាចទប់ទល់ជាមួយធាតុផ្សេងៗដូចជា ទឹកភ្លៀង ឬខ្យល់ជាដើម បានដូចនឹង IP68 ដែលមានលើទូរសព្ទឆ្លាតកំពូលដទៃទៀតដែរ ហើយសម្រាប់ការការពារទឹកវិញ កម្រិតមួយនេះអាចទ្រាំទ្រជាមួយទឹកជម្រៅជ្រៅជាងមួយម៉ែត្របានទៀតផង (ជម្រៅ និងរយៈពេលទ្រាំទ្រជាក់លាក់អាស្រ័យលើក្រុមហ៊ុនផលិតផ្ទាល់)។

សូមបញ្ជាក់ដែរថា IP68 ដែលមានលើទូរសព្ទឆ្លាតកំពូលសព្វថ្ងៃនេះ គឺជាមុខងារការពារពេញលេញមួយ ដែលទ្រាំទ្របានគ្រប់កាលៈទេសៈមិនថាទឹក ឬធូលីនោះទេ ប៉ុន្តែ IPX8 វិញ គឺវាអាចទ្រាំទ្រជាមួយទឹកបានប្រសើរដូច IP68 ដែរ ប៉ុន្តែសម្រាប់ផ្នែកធូលីល្អិតៗ គឺមិនប្រាកដថាអាចទ្រាំទ្របាន ឬអត់នោះទេ។

យ៉ាងណាក៏ដោយ យើងនឹងបានដឹងច្បាស់ពីចំណុចខាងលើនេះ នៅពេលដែល Samsung ប្រកាសចេញ Galaxy Z Fold3 និង Galaxy Z Flip3 ជាផ្លូវការក្នុងខែក្រោយ ដូច្នេះហើយគឺមានតែរង់ចាំមើលទាំងអស់គ្នាហ្នឹងឯង។

ដោយ​ ៖ 9To5Google
អត្ថបទទាក់ទង