Xiaomi នាំយក Redmi Buds 3 Pro ថ្មីចូលទីផ្សារសកល មានបំពាក់មុខងារទប់សម្លេងរំខាន ជាមួយតម្លៃខ្ទង់ 60 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Xiaomi បានប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មីមួយ នៅក្នុងទីផ្សារសកល ដែលត្រូវបានគេហៅថា Redmi Buds 3 Pro ហើយនេះគឺជាកាសមួយត្រូវបានគេប្តូរឈ្មោះមកពី Redmi AirDots 3 Pro ដែលត្រូវបានក្រុមហ៊ុនចិន បញ្ចេញលក់ក្នុងទីផ្សារប្រទេសកំណើតរបស់ខ្លួន កាលពីប៉ុន្មានខែកន្លងទៅនេះ។ នៅក្នុងនោះដែរ យើងឃើញថា Redmi Buds 3 Pro ទទួលបានការកែប្រែថ្មីទៅលើរចនារូបរាងខាងក្រៅ ព្រមទាំងបានភ្ជាប់មកជាមួយមុខងារសំខាន់ៗថែមទៀតផង។

មិនខុសទេ បើតាមការបង្ហាញចេញពីសំណាក់ Xiaomi យើងឃើញថា Redmi Buds 3 Pro បានប្រើប្រាស់ Driver ទំហំ 9mm នឹងមានឧបករណ៍ស្រូបសម្លេងចំនួន 3 គ្រាប់ នៅលើកាសម្ខាងៗ ជាមួយមុខងារទប់សម្លេងរំខាន ដូច្នេះធ្វើឲ្យសម្លេងដែលចាប់យកបាន ពីឧបករណ៍ស្រូបសម្លេងនេះ កាន់តែមានលក្ខណៈច្បាស់ល្អមួយកម្រិតទៀត។ មិនត្រឹមតែមុខងារទប់សម្លេងរំខានលើ Mic នោះទេ ប៉ុន្តែកាសឥតខ្សែម៉ូឌែលថ្មីខាងលើ ក៏បានបំពាក់ជាមួយមុខងារទប់សម្លេងរំខានពីខាងក្រៅ ANC ឬ Active Noise Cancelling មកដូចគ្នាដែរ ដោយក្នុងនោះ Xiaomi អះអាងថា វាអាចជួយលុបសម្លេងរំខានបានក្នុងកម្រិត 35dB ទៀតផង។ 

សម្រាប់ការតរភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ គឺវាប្រើប្រាស់ Bluetooth 5.2 ជំនាន់ចុងក្រោយ ដែលអាចឲ្យវាធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ 2 ក្នុងពេលតែមួយបាន ហើយនេះជាមុខងារដ៏ប្រសើរមួយ កន្លងទៅយើងធ្លាប់ឃើញ តែនៅលើកាសតម្លៃថ្លៃមួយចំនួនប៉ុណ្ណោះ។ 

សម្រាប់ថាមពលថ្មវិញ ក្រុមហ៊ុនខាងលើអះអាងថា កាស Redmi Buds 3 Pro ទាំងគូរនោះ អាចកំដរអ្នកប្រើបាន 6 ម៉ោង បើមិនបើកមុខងារទប់សម្លេងរំខាន ប៉ុន្តែបើបើកមុខងារនេះ វាអាចទ្រាំទ្របានត្រឹម 3 ម៉ោងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ថាមពលថ្មលើប្រអប់សាករបស់វាវិញ គឺស្ថិតនៅកម្រិតប្រសើរមួយ ដោយគេប្រាប់ថា សរុបចូលគ្នាទៅ វាអាចកំដរអ្នកប្រើបានដល់ 28 ម៉ោងផងដែរ។ សម្រាប់ការសាកថ្មចូល វាប្រើប្រាស់រន្ធប្រភេទ USB-C ប៉ុន្តែអ្វីដែលពិសេសនោះ គឺវាក៏គាំទ្រជាមួយមុខងារសាកថ្មឥតខ្សែ Qi Wireless Charging ថែមទៀតផង។ Redmi Buds 3 Pro ក៏មានមុខងារការពារទឹកកម្រិតស្រាល IPX4 មកដែរ ហើយវាចេញមកជាមួយជម្រើសពីពណ៌គឺ ស និងខ្មៅ ចំណែកតម្លៃវិញ Xiaomi បានដាក់លក់ប្រមាណជាខ្ទង់ 24 ម៉ឺនរៀល ឬ 60 ដុល្លារ។

ដោយ​ ៖ GSMArena
អត្ថបទទាក់ទង