កម្មវិធី Adobe Premiere Pro ទទួលបានកំណែអាប់ដេតថ្មី គាំទ្រកុំព្យូទ័រ Mac ដំណើរការដោយឈីប M1​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានដាក់ឲ្យប្រើសាកល្បង កាលពីខែធ្នូ ឆ្នាំ 2020 កន្លងទៅ ឥឡូវនេះ កម្មវិធី Adobe Premiere Pro ទទួលបានកំណែអាប់ដេតថ្មី គាំទ្រកុំព្យូទ័រ Mac ដំណើរការដោយឈីប M1 ជាផ្លូវការហើយ។ យោងទៅតាមការអះអាងរបស់ Adobe ផ្ទាល់ បានធ្វើឲ្យយើងដឹងថា កំណែអាប់ដេតថ្មីនេះដែរ មានល្បឿនបើកកម្មវិធីលឿនជាងមុន 50% និងល្បឿនទាក់ទងទៅនឹងដំណើការ “Edit” លឿនជាងមុនដល់ទៅ 77% ឯណោះ។ ក្រៅពី Adobe Premiere Pro ហើយ Adobe Character Animator និង Media Encoder ក៏ទទួលបានកំណែអាប់ដេតថ្មី គាំទ្រកុំព្យូទ័រ Mac ដំណើរការដោយឈីប M1 ដូចគ្នាផងដែរ។

Apple បានបញ្ចេញកុំព្យូទ័រ Mac ប្រើប្រាស់ឈីប M1 ដំបូងរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅ ហើយវាមានសមត្ថភាពអាចដំណើរការកម្មវិធី ដែលត្រូវបានបង្កើតឡើងសម្រាប់កុំព្យូទ័រ Mac ប្រើប្រាស់ឈីប Intel។ យ៉ាងណាមិញ វាដំណើរការមិនបានរលូននោះទេ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនអភិវឌ្ឍកម្មវិធីធំៗ បានបញ្ចេញកំណែអាប់ដេត ដើម្បីឲ្យកម្មវិធីរបស់ខ្លួនអាចគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីកុំព្យូទ័រ Mac ដំណើរការដោយឈីប M1 ពេញលេញតែម្តង។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ 2020 កន្លងទៅ កម្មវិធី Adobe Light Room ទទួលបានកំណែអាប់ដេត គាំទ្រកុំព្យូទ័រ Mac ដំណើរការដោយឈីប M1។ ក្រោយមកទៀត កម្មវិធី Photoshop Lightroom Classic, Illustrator និង InDesign ក៏ទទួលបានកំណែអាប់ដេត គាំទ្រកុំព្យូទ័រ Mac ដំណើរការដោយឈីប M1 ជាបន្តបន្ទាប់ផងដែរ។

តាមរយៈកំណែអាប់ដេតសម្រាប់ខែកក្កដា Adobe Premiere Pro ក៏ទទួលបានមុខងារថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ។ មុខងារធំបំផុតគឺ Speech To Text ដោយវាមានសមត្ថភាពអាចបង្កើតអក្សរចេញពីសំឡេងនិយាយនៅក្នុងវីដេអូ ដែលអ្នកប្រើប្រាស់កំពុង Edit ដោយស្វ័យប្រវត្តិតែម្តង។ តាមរយៈកំណែអាប់ដេតដដែលនេះ Adobe Premiere Pro ក៏ទទួលបានមុខងារ Captions Customization ផងដែរ ដោយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកំណត់ ឬកែប្រែអក្សរត្រូវបង្ហាញនៅលើវីដេអូ ដែលពួកគេកំពុងតែ Edit បាន។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង