LG នឹងដាក់លក់ iPhone នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីខែក្រោយនេះទៅ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

សម្រាប់ប្រិយមិត្ត ដែលនិយមតាមដានពីព័ត៌មានបច្ចេកវិទ្យា ប្រាកដជាបានដឹងពីដំណឹងគួរឲ្យសោកស្តាយមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុន LG រួចហើយថា ពួកគេនឹងឈប់ធ្វើការផលិតទូរសព្ទឆ្លាត ជំនាន់ថ្មីៗតទៅទៀតហើយ ដោយសម្រេចចិត្តចាកចេញ ពីអាជីវកម្មមួយនេះ តែម្ដង។ ទោះយ៉ាងណា LG ក៏នៅតែបន្ដដាក់លក់ ទូរសព្ទឆ្លាតស៊េរីមុនៗ រហូតដល់អស់ពីស្ដុក និងបន្ដបញ្ចេញកំណែអាប់ដេតថ្មីៗ ដល់អតិថិជនទាំងអស់ រហូតដល់ថ្ងៃផុតកំណត់ ផងដែរ។

ប៉ុន្តែអ្វីដែលជាដំណឹងគួរឲ្យចាប់អារម្មណ៍ថ្មីៗនេះវិញ គឺយើងទទួលបានដំណឹងថា មួយរយៈមុន ខាង Apple បានមកពិភាក្សាជាមួយ LG ដើម្បីលក់ទូរសព្ទ iPhone នៅក្នុងហាងដ៏ធំរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង តែយ៉ាងណា ការពិភាក្សានេះត្រូវបានផ្អាកសិន ព្រោះដោយសារតែ មានប្រតិកម្ម ពីក្រុមហ៊ុនក្នុងស្រុក ទាក់ទងពីការប្រកួតប្រជែង នឹងកើនឡើងខ្ពស់។ ចំណែកការពិភាក្សាបន្ទាប់ ក៏ត្រឡប់មកវិញ ដោយចុងបញ្ចប់ ក្រុមហ៊ុន LG ក៏ព្រមតាមសំណើរ Apple និងបានត្រៀមលក់ទូរសព្ទ iPhone នៅក្នុងហាង LG Best Shop ដ៏ធំ លើទីតាំងល្អៗរបស់ខ្លួន ក្នុងកូរ៉េខាងត្បូង តែម្តង។

ជាការពិតណាស់ បើយោងតាមរបាយការណ៍ចុងក្រោយ របស់សារព័ត៌មាន The Herald Economic Daily បានអះអាងថា ក្រុមហ៊ុន LG បានដោះស្រាយបញ្ហារបស់ក្រុមហ៊ុនក្នុងស្រុករួចហើយ និងថែមទាំងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ផងដែរ។ បន្ថែមពីនេះ បើយោងតាមឧស្សាហកម្មទូរគមនាគមន៍ និងផលិតកម្ម កាលពីថ្ងៃទី 20 ថ្មីៗនេះ ក្រុមហ៊ុនមួយនេះ បានបញ្ជាក់ច្បាស់ៗពីផែនការលក់ iPhone នៅក្នុងហាងដ៏ធំរបស់ខ្លួន ហើយក៏កំពុងអនុវត្តតាមផែនការ ដែលមានកំណត់ស្រាប់ ផងដែរ។ ជាលទ្ធផលនៃដំណឹងមួយនេះ គឺថាក្រុមហ៊ុន LG នឹងដកខ្លួនចេញពីអាជីវកម្មទូរសព្ទចល័ត នៅចុងខែនេះ ហើយនឹងចាប់ផ្តើមលក់ទូរសព្ទ iPhone នៅតាមបណ្តាហាងរបស់ខ្លួន ទូទាំងប្រទេស ចាប់ពីខែសីហានេះតទៅ។

យ៉ាងណា សម្រាប់ដំណឹងមួយនេះ វាបានក្លាយជាការចំណាប់អារម្មណ៍មែនទែន ពីសំណាក់ប្រជាជន នៅកូរ៉េខាងត្បូង ពិសេស ចំពោះអ្នកលក់ ទាំងខា្នតតូច និងខា្នតមធ្យម ក្នុងវិស័យអេឡិចត្រូនិចបច្ចេកវិទ្យានេះ។ លើសពីហ្នឹងដែរ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងនាំយក iPhone 13 series ជំនាន់ថ្មី ដែលត្រៀមប្រកាសចេញ នៅចុងខែកញ្ញាខាងមុខនេះ មកដាក់នៅក្នុងហាង LG តាមបណ្តាសាខា ក្នុងប្រទេសនេះផងដែរ។

 

ប្រភព ៖ iPhoneHacks
អត្ថបទទាក់ទង