Porsche Macan ស៊េរីឆ្នាំ 2022 ចេញហើយ ដោយទទួលបានការ Upgrade បន្ថែមទៅលើកម្លាំងម៉ាស៊ីន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Porsche បានបញ្ចេញរថយន្ត SUV ប្រភេទ Crossover ត្រកូល Macan មកជាផ្លូវការហើយ ប៉ុន្តែលើកនេះយើងឃើញថា ម៉ូឌែលខ្ពស់ប្រចាំត្រកូលដែលមានកន្ទុយ Turbo មិនទាន់ចេញនោះទេ ដោយគេនឹងបញ្ចេញតាមក្រោយនៅដើមឆ្នាំក្រោយ ដូច្នេះហើយម៉ូឌែលខ្ពស់បំផុតនៅពេលនេះគឺ Porsche Macan GTS 2022 ហ្នឹងឯង។ យ៉ាងណាក៏ដោយ គ្រប់ម៉ូឌែលទាំងអស់ ចាប់ពីម៉ូឌែលទាបរហូតដល់ម៉ូឌែល GTS គឺសុទ្ធសឹងតែទទួលបានកម្លាំងម៉ាស៊ីនបន្ថែម ឲ្យកាន់តែប្រសើរជាងជំនាន់មុនថែមទៀត។

ចំពោះរូបរាងគឺមិនមានអ្វីនិយាយច្រើនឡើយ វាស្ទើរតែដូចគ្នាទាំងស្រុងជាមួយនឹងជំនាន់ចាស់ ជាក់ស្ដែងគ្រាន់តែ ទទួលបានការកែសម្រួលទៅលើ កាងខាងមុខ កាងខាងក្រោយ អំពូលភ្លើង LED ថ្មី ក៏ដូចជាមាន Porsche Dynamic Light System មកជាស្ដង់ដារតែម្ដង។ មិនខុសទេ ម៉ូឌែលទាបជាងគេនៅក្នុងត្រកូល Porsche Macan ស៊េរីថ្មីឆ្នាំ 2022 នេះ គឺទទួលបានម៉ាស៊ីនចំណុះ 2.0L Turbocharged មានស៊ីឡាំងចំនួន 4 ហើយម៉ាស៊ីននេះអាចបង្កើតកម្លាំងបាន 261hp ជាមួយកម្លាំងបង្វិលកង់ 295 lbs/ft (Pound-feet of Torque)។ កម្លាំងម៉ាស៊ីននេះ យើងឃើញថាខ្លាំងជាងជំនាន់មុន 13hp និងមានកម្លាំងបង្វិលកង់បានខ្ពស់ជាងមុន 22 lbs/ft ដែលអាចឲ្យវាអាចស្ទុះពី 0 ដល់ 97km/h ដោយចំណាយពេលប្រមាណជា 5.8 វិនាទី ហើយល្បឿនខ្ពស់បំផុតរបស់វាគឺឡើងដល់ 231km/h។

ក្រឡេកទៅមើលម៉ូឌែលកណ្ដាល Macan S វិញ វាទទួលបានម៉ាស៊ីនរបស់ Macan GTS ជំនាន់មុន ពោលគឺម៉ាស៊ីនចំណុះ 2.9L Twin-Turbocharged V6 ដែលអាចបង្កើតកម្លាំងសរុបបានដល់ 376hp តែម្ដង អាចឲ្យវាស្ទុះពី 0 ដល់ 97km/h ចំណាយពេល 4.6 វិនាទី និងមានល្បឿនខ្ពស់បំផុតដល់ 259km/h ផងដែរ។

សម្រាប់ម៉ូឌែលខ្ពស់ជាងគេ Macan GTS វិញ លើកនេះទទួលបានម៉ាស៊ីនពីម៉ូឌែល Macan Turbo ជំនាន់មុនដែលមានចំណុះ 2.9L V6 អាចបង្កើតកម្លាំងបានឡើងដល់ 435hp ឯណោះ ហើយសម្រាប់ម៉ូឌែលដែលបំពាក់ Sport Chrono Package ទៀត Porsche អះអាងថា វាអាចស្ទុះពី 0 ដល់ 97km/h ចំណាយពេលត្រឹម 4.3 វិនាទីប៉ុណ្ណោះ ហើយល្បឿនខ្ពស់បំផុតរបស់វាគឺឡើងបានដល់ 271km/h។

Porsche Macan ឆ្នាំ 2022 ទាំងអស់ទទួលបានការបំពាក់ជាមួយប្រអប់លេខ 7 វគ្គ និងមាន Porsche Traction Management ឬ PTM ដែលដំណើរការដោយការបង្វិលកង់ទាំង 4 ទៀតផង។ សម្រាប់ម៉ូឌែល GTS អាចបន្ទាបកម្ពស់បានទាបជាងមុន 10mm ដោយសារតែការបំពាក់ Air Suspension ស្ដង់ដារថ្មី ហើយចំពោះ GTS Sport Package វិញ វាមានបំពាក់យ៉ាន់កង់ទំហំ 21 អ៊ីញ ជាមួយសំបកកង់មានសមត្ថភាពខ្ពស់ លើការរត់ល្បឿនមកស្រាប់តែម្ដង។ 

នៅផ្នែកខាងក្នុង Porsche Macan ឆ្នាំ 2022 គ្រប់ម៉ូឌែល ទទួលបានការកែប្រែសំខាន់ៗច្រើនដែរ ជាក់ស្ដែងដូចជាទទួលបាន PCM 6.0 ដែលជា Infotainment System ជំនាន់ចុងក្រោយរបស់ Porsche, គាំទ្រ Apple CarPlay, មុខងារ Navigation, មុខងារបញ្ជាដោយសម្លេង ព្រមទាំងទទួលបានអេក្រង់បង្ហាញ Touch Screen ទំហំ 10.9 អ៊ីញមកដូចៗគ្នា។ 

Porsche Macan ស៊េរីថ្មីត្រូវបានដាក់ឲ្យអតិថិជនអាចកុម្ម៉ង់ទិញបានហើយ ប៉ុន្តែរថយន្តនឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់អ្នកទិញ ចាប់ពីដើមឆ្នាំ 2022 ខាងមុខនេះទៅ ដោយម៉ូឌែលធម្មតា មានតម្លៃចាប់ផ្តើមពី 56,250 ដុល្លារឡើងទៅ រីឯម៉ូឌែល Macan S មានតម្លៃចាប់ផ្តើមឡើងពី 67,000 ដុល្លារឡើងទៅ និងចុងក្រោយម៉ូឌែល Macan GTS នឹងមានតម្លៃចាប់ពី 81,000 ដុល្លារឡើងទៅ សម្រាប់ទីផ្សារស្រុកគេ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង