Jeff Bezos និងអវកាសយានិក 3 រូបទៀត ទទួលជោគជ័យលើការធ្វើដំណើរទៅកាន់លំហជាលើកដំបូង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីខែមុន Jeff Bezos ដែលជាមហាសេដ្ឋីលំដាប់ទីមួយលើពិភពលោក បានប្រកាសជាផ្លូវការថា គាត់នឹងធ្វើដំណើរទៅកាន់លំហ តាមរយៈបេសកកម្មក្នុងការបង្ហោះរ៉ុកកែតរបស់ Blue Origin ជាលើកដំបូង ដែលមានផ្ទុកអ្នកដំណើរពិតប្រាកដនៅក្នុងខែនេះ (Blue Origin ជាក្រុមហ៊ុនអាវកាសបង្កើតឡើងដោយ Jeff Bezos)។ ដោយឡែកយប់មិញនេះ Jeff Bezos បានសម្រេចបំណងរបស់ខ្លួនជាផ្លូវការហើយ ដោយគាត់បានឡើងទៅកាន់លំហ និងត្រលប់មកផែនដីវិញដោយសុវត្ថិភាព ជាមួយគ្នានឹងអវកាសយានិក 3 រូបទៀតផងដែរ។

មិនខុសទេយប់មិញនេះ Blue Origin បង្ហោះរ៉ុកកែតឈ្មោះ New Shepard ដែលមានផ្ទុកអ្នកដំណើរចំនួន 4 រូបជាលើកដំបូងរបស់គេបានដោយជោគជ័យ ហើយអ្នកដំណើរទាំង 4 នោះមានដូចជា លោក Jeff Bezos ដែលជាស្ថានិក Blue Origin ផ្ទាល់, លោក Mark Bezos (បងប្រុសរបស់ Jeff Bezos), អ្នកស្រី Wally Funk និងមួយរូបទៀតមានឈ្មោះថា Oliver Daemen។ អ្នកដំណើរការទាំង 4 រូបនេះ ត្រូវបានរ៉ុកកែត New Shepard បញ្ជូនទៅហួសខ្សែបន្ទាត់ Kárman ទៅទៀត (មានចម្ងាយប្រមាណជាជាង 100km ពីផ្ទៃផែនដី) បន្ទាប់មករ៉ុកកែតក៏ផ្តាច់ក្បាល Capsule ដែលមានផ្ទុកអាវកាសយានិកទាំង 4 រូបចេញពីគ្នា និងបានវិលត្រលប់មកកាន់ផ្ទៃផែនដីវិញ ទៅតាមទីតាំងកំណត់ដោយសុវត្ថិភាព (រ៉ុកកែត New Shepard បានចុះចតលើទីតាំងកំណត់របស់ Blue Origin រីឯ Capsule របស់វាវិញ បានចុះចតនៅលើវាលខ្សាច់ក្នុងតំបន់នោះ)។

បេសកកម្មខាងលើ ក៏បានបំបែកកំណត់ត្រាមួយចំនួនដែរ ជាក់ស្ដែងនេះជាបេសកកម្ម ដែលបញ្ជូនអវកាសយានិកមានវ័យចំណាស់ជាងគេបំផុតទៅកាន់លំហ នោះគឺអ្នកស្រី Wally Funk ហ្នឹងឯង (មានអាយុ 82 ឆ្នាំ) ព្រមទាំងជាបេសកកម្ម ដែលបញ្ជូនអវកាសយានិកវ័យក្មេងជាងគេបំផុតទៅកាន់លំហ នោះគឺយុវជន Oliver Daemen នេះឯង (មានអាយុ 18 ឆ្នាំ)។ 

ការបង្ហោះបានជោគជ័យនេះ ក៏បង្ហាញឲ្យឃើញថា Blue Origin កាន់តែមានការរីកចម្រើនច្រើន ទៅលើការបង្ហោះរ៉ុកកែតរបស់ខ្លួន ហើយក៏ជាក្រុមហ៊ុនមួយ ដែលមានសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយរ៉ុកកែតរបស់ SpaceX បាន។ យ៉ាងណាក៏ដោយ SpaceX ធ្លាប់បានបញ្ជូនមនុស្សទៅកាន់លំហជាលើកដំបូងកាលពីដើមឆ្នាំនេះ គ្រាន់តែថាអ្នកដំណើរទាំងនោះ មិនមែនជាជនស៊ីវិលទាំង 4 រូបដូច Blue Origin ធ្វើយប់មិញនេះឡើយ ដោយពួកគេសុទ្ធសឹងតែជាអ្នកអវកាសយានិកអាជីពតែម្ដង។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង