រូបភាព Poster បែកធ្លាយបង្ហាញថា Xiaomi Mi Pad 5 ប្រើអេក្រង់ 2K 120Hz និងបន្ទះឈីប Snapdragon 860
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ថេប្លេតជំនាន់ថ្មី Mi Pad 5 Series របស់ Xiaomi ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញតំណាលគ្នាជាមួយទូរសព្ទឆ្លាត Mi C11 និង Mi MIX 4 ក៏ដូចជា MIUI 13 នៅក្នុងអំឡុងខែសីហា ឆ្នាំ 2021 ខាងមុខ។ ដោយឡែក នៅក្នុងថ្ងៃនេះ រូបភាព Poster ដែលបង្ហាញពីរូបរាងខាងក្រៅ និងលក្ខណៈសម្បត្តិពិសេសរបស់ Mi Pad 5 បានលេចឡើងមក តាមរយៈគណនីបណ្តាញសង្គម Weibo ឲ្យយើងបានឃើញកាន់តែច្បាស់ជាងមុនបន្ថែមទៀត។

យោងទៅតាមរូបភាព Poster ដែលទើបតែបែកធ្លាយនេះ បានបង្ហាញឲ្យយើងបានដឹងថា Mi Pad 5 នឹងបំពាក់មកជាមួយអេក្រង់លាតស្ទើរគ្មានគែម អាចបង្ហាញរូបភាពក្នុងកម្រិត 2K និងគាំទ្រអេក្រង់ Refresh Rate ដល់ 120Hz ថែមទៀតផង។ សម្រាប់ផ្នែកខាងក្រោយវិញ Mi Pad 5 បានភ្ជាប់មកជាមួយកាណុងកាមេរ៉ា មានសណ្ឋានជារាងចតុកោណ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ ផ្ទុកកាមេរ៉ាសរុបចំនួន 2 គ្រាប់ តម្រៀបគ្នាពីលើចុះក្រោម អមមកមជាមួយភ្លើង LED Flash 1 គ្រាប់ ផងដែរ។ តាមរយៈរូបភាព Poster ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានផងដែរថា Mi Pad 5 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 860 ដែលឃើញមានប្រើនៅលើ POCO X3 Pro នោះឯង។

ផ្អែកទៅលើវិញ្ញាបនបត្រ FCC ដែលគេបានប្រទះឃើញកាលពីសប្តាហ៍មុន ក៏បានបង្ហាញឲ្យយើងបានដឹង ទៀតថា Mi Pad 5 នឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនកម្លាំង 22.5 ក៏ដូចជាដំណើរការដោយ MIUI 12.5 ចេញពីប្រអប់ស្រាប់ ផងដែរ។ មិនទាន់អស់នោះទេ តាមរយៈព័ត៌មានដែលទទួលបានកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Mi Pad 5 អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 11 អ៊ីញ ក៏ដូចជាអាចនឹងគាំទ្រក្តារចុច (Keyboard) និងប៊ិក (Stylus) ផងដែរ។

ប្រភព ៖ Weibo
អត្ថបទទាក់ទង