អ្នកព្យាករណ៍ផ្នែកអេក្រង់ប្រាប់ថា ទូរសព្ទអេក្រង់បត់របស់ Google អាចមានទំហំអេក្រង់ប្រហែល Galaxy Z Fold3 ដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ទីផ្សារទូរសព្ទឆ្លាតអេក្រង់បត់ កាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងថ្មីៗនេះ យើងក៏ឃើញ Xiaomi ចូលរួមមួយមកទៀត ហើយនៅចុងឆ្នាំនេះវិញ លេចឮថាមានក្រុមហ៊ុនជាច្រើន កំពុងតែមានបំណងចូលរួមប្រកួតប្រជែងដែរ ដែលរួមមានទាំង Google, OPPO និង vivo ជាដើម។ ក្រឡេកមកមើលដំណឹងលេចធ្លាយថ្មីមួយ ដែលបង្ហាញចេញពីសំណាក់ បុគ្គលល្បីឈ្មោះមួយរូបនៅតាមបណ្ដាញសង្គម Twitter នាពេលថ្មីៗនេះ បានឲ្យដឹងថា ទូរសព្ទឆ្លាតអេក្រង់របស់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើ នឹងប្រើប្រាស់អេក្រង់របស់ Samsung Display ដូចៗគ្នា។

មិនខុសទេ យោងតាមការបង្ហាញចេញពីសំណាក់ អ្នកព្យាករណ៍ផ្នែកបន្ទះអេក្រង់ ដែលមានគណនី Twitter ឈ្មោះ Ross Young នោះ បានបញ្ជាក់ឲ្យដឹងថា Samsung នឹងផលិតអេក្រង់បត់ដែលមានជាមួយល្បឿន Refresh Rate 120Hz ព្រមទាំងបច្ចេកវិទ្យា LTPO ដាក់លក់ទៅកាន់ក្រុមហ៊ុនជាច្រើន ដែលក្នុងនោះក៏រួមមាន Google ដែរ។ បុគ្គលខាងលើបន្ថែមថា នឹងមានទូរសព្ទឆ្លាតចំនួន 6 ម៉ូឌែលដែលនឹងប្រើប្រាស់អេក្រង់បត់របស់ Samsung នោះ នេះបើគិតបញ្ចូលទាំង Galaxy Z Fold3 និង Z Flip3 ប៉ុន្តែបើដកពីរម៉ូឌែលនេះចេញ គឺរួមមាន ទូរសព្ទឆ្លាតអេក្រង់បត់ Google ដែលអាចមានអេក្រង់ទំហំ 7.57 អ៊ីញ, ទូរសព្ទអេក្រង់បត់របស់ OPPO អាចមានទំហំ 7.11 អ៊ីញ, សម្រាប់ vivo ទំនងជាទំហំ 8.2 អ៊ីញ និងចុងក្រោយអាចទំហំ 8.1 អ៊ីញ សម្រាប់ Xiaomi ផងដែរ។

បើតាមការបង្ហាញខាងលើយើងឃើញថា ទូរសព្ទឆ្លាតអេក្រង់បត់របស់ Google អាចនឹងមានទំហំប្រហាក់ប្រហែល Galaxy Z Fold3 របស់ Samsung ដែរ ដែលកន្លងមកលេចធ្លាយថា ទំហំ 7.55 អ៊ីញហ្នឹងឯង។ ប៉ុន្តែយ៉ាងណាក៏ដោយ អេក្រង់បត់នៅលើទូរសព្ទឆ្លាតរបស់ Samsung អាចនឹងទទួលបានបច្ចេកវិទ្យាផ្តាច់មុខពិសេសជាងគេ ជាក់ស្ដែងធ្លាប់លេចឮថា អាចនឹងកាន់តែមានភាពធន់ថែមមួយកម្រិតទៀត, អាចក្រាលការពារដោយកញ្ចក់ UTG 2.0 (ជាមូលហេតុធ្វើឲ្យវាអាចគាំទ្រប៊ិក S Pen បាន) ក៏ដូចជាមានបំពាក់បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ទៀតផង។

ប្រភព ៖ 9To5Google
អត្ថបទទាក់ទង