MagSafe Battery Pack ត្រូវបានគេបញ្ជាក់ថា អាចយកទៅសាកបញ្ចូលថ្មទៅឲ្យ AirPods បានផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានបង្ហោះរូបភាព MagSafe Battery Pack ជាច្រើនសន្លឹក នៅលើបណ្តាញសង្គម Reddit រួចមក អម្បាញ់មិញនេះ លោក Steven Russell បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា MagSafe Battery Pack ក៏អាចយកទៅសាកបញ្ចូលថ្មទៅឲ្យកាសឥតខ្សែ AirPods និង AirPods Pro បានផងដែរ។ ដូច្នេះមានន័យថា យើងក៏អាចយក MagSafe Battery Pack ទៅសាកបញ្ចូលថ្មទៅឲ្យឧបករណ៍ដទៃទៀត ដែលគាំទ្របច្ចេកវិទ្យា Qi Wireless បានដូចគ្នាផងដែរ។

យោងតាមការបញ្ជាក់របស់ លោក Steven Russell កាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងដឹងថា នៅផ្នែកខាងក្រៅរបស់ MagSafe Battery Pack ត្រូវបានស្រោបដោយជ័ររឹង មានលក្ខណៈ Smooth។ លើសពីនេះ យើងក៏បានដឹងទៀតថា MagSafe Battery Pack មានកម្រាស់ក្រាស់គ្រាន់បើ ប៉ុន្តែវានៅតែអាចឆក់ជាប់ខ្នងខាងក្រោយរបស់ iPhone 12 Series បានយ៉ាងល្អ បើទោះបីជា iPhone 12 Series របស់យើងប្រើ Case ក៏ដោយ។ គួរបញ្ជាក់ផងថា MagSafe Battery Pack គឺជា Power Bank ដែល Apple បង្កើតឡើងសម្រាប់ប្រើជាមួយ iPhone 12 Series តែម្តង ប៉ុន្តែវាមានសមត្ថភាពសាកបញ្ចូលថាមពលទៅឲ្យ iPhone 12 Series ជាមួយកម្លាំងត្រឹម 5W ប៉ុណ្ណោះ នៅពេលប្រើតែឯង។

យ៉ាងណាមិញ នៅពេលដែល MagSafe Battery Pack ត្រូវបានតភ្ជាប់ទៅកាន់ប្រភពអគ្គិសនី តាមរយៈខ្សែ Lightning និងឆ្នាំងសាកកម្លាំង 20W ឡើងទៅ វាមានសមត្ថភាពសាកបញ្ចូលថាមពលទៅឲ្យ iPhone 12 Series ជាមួយកម្លាំងដល់ 15W។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក MagSafe Battery Pack ត្រូវបានដាក់លក់នៅក្នុងតម្លៃដើម 99 ដុល្លារ ហើយវានឹងត្រូវដឹកជញ្ចូនទៅដល់ដៃអតិថិជន នៅក្នុងអំឡុងសប្តាហ៍នេះតែម្តង។

ដោយ​ ៖ Steven Russell
អត្ថបទទាក់ទង