Nintendo បានបដិសេធរបាយការណ៍ដែលនិយាយថា ការលក់ Switch OLED នឹងទទួលបានប្រាក់ចំណេញច្រើនជាង Switch ធម្មតា
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

មិនខុសនោះទេ កាលពីល្ងាចម្សិលមិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន Nintendo បានចេញមកបដិសេធរបាយការណ៍ ដែលនិយាយថា ការលក់ម៉ាស៊ីហ្គេម Switch ម៉ូឌែល OLED នឹងទទួលបានប្រាក់ចំណេញច្រើនជាងការលក់ Switch ម៉ូឌែលធម្មតា។ យ៉ាងណាមិញ Nintendo មិនបានបញ្ជាក់ពីប្រាក់ចំណេញ ដែលទទួលបានមកពីការលក់ Switch ម៉ូឌែល OLED នៅក្នុងមួយគ្រឿងនោះទេ។

កាលពីសប្តាហ៍មុន សារព័ត៌មានល្បីឈ្មោះ Bloomberg បានរាយការណ៍មកថា Switch ម៉ូឌែល OLED ត្រូវចំណាយថ្លៃផលិតលើស Switch ម៉ូឌែលធម្មតា តែ 10 ដុល្លារ ប៉ុណ្ណោះ។ ខណៈ Switch ម៉ូឌែល OLED ត្រូវបាន Nintendo ដាក់លក់ថ្លៃជាង Switch ម៉ូឌែលធម្មតា ដល់ទៅ 50 ដុល្លារ ឯណោះ។ ហេតុដូច្នេះហើយ ប្រភពខាងលើជឿថា ការលក់ Switch ម៉ូឌែល OLED នឹងជួយឲ្យ Nintendo ទទួលបានប្រាក់ចំណេញច្រើនជាងការលក់ Switch ម៉ូឌែលធម្មតា។ ក្រៅពីបានបដិសេធរបាយការណ៍ ដែលនិយាយថា ការលក់ Switch OLED នឹងទទួលបានប្រាក់ចំណេញច្រើនជាងការលក់ Switch ម៉ូឌែលធម្មតាហើយ Nintendo ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា ខណៈពេលនេះ ពួកគេមិនមានគម្រោងប្រកាសចេញ Switch ម៉ូឌែលផ្សេងនោះទេ។

Switch ម៉ូឌែល OLED ត្រូវបានដាក់លក់ក្នុងតម្លៃដើមខ្ទង់ 350 ដុល្លារ ហើយវាបានបំពាក់មកជាមួយអេក្រង់ទំហំដល់ទៅ 7 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD (1280 x 720 ភិចស៊ែល) នៅពេលកាន់លេងដោយផ្ទាល់។ នៅពេលប្រើជាមួយ Dock វិញ Switch ម៉ូឌែល OLED មានសមត្ថភាពអាចបង្ហាញរូបភាពដល់កម្រិត Full HD (1920 x 1080 ភិចស៊ែល)។ ជាងនេះទៅទៀត Switch ម៉ូឌែល OLED បានភ្ជាប់មកជាមួយជើងទម្រធំ រឹងមាំជាងមុន និងមានសមត្ថភាពអាចបត់បែនបានច្រើនទម្រង់ផងដែរ។ លើសពីនេះ Switch ម៉ូឌែល OLED ក៏ទទួលបានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64GB រន្ធ LAN នៅខាងក្រោយ Dock ក៏ដូចជាអាប់ដេតទៅលើផ្នែក Speaker ថែមទៀតផង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង