Samsung ប្រកាសចេញអេក្រង់បង្ហាញ The Wall ថ្មីទំហំ 1,000 អ៊ីញប្រភេទ MicroLED និងមានកម្រិតបង្ហាញដល់ 16K
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Samsung បានប្រកាសចេញអេក្រង់បង្ហាញជំនាន់ថ្មី គេហៅថា The Wall ជាផ្លូវការ ដែលនេះជាអេក្រង់បង្ហាញទំហំធំមួយដល់ទៅ 1,000 អ៊ីញឯណោះ ហើយកាន់តែពិសេសនោះ វាបានប្រើប្រាស់អេក្រង់ជាប្រភេទ MicroLED ទៀតផង។ សម្រាប់ The Wall ជំនាន់ថ្មីនេះ Samsung បញ្ជាក់ថា វាមានគ្រាប់ LED នីមួយៗកាន់តែតូចជាងជំនាន់មុនដល់ទៅ 40 ភាគរយឯណោះ ដែលនឹងជួយឲ្យកម្រិត Contrast ព្រមទាំងកម្រិតទឹកពណ៌កាន់តែប្រសើរ ថែមមួយកម្រិតទៀត។

ក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ បន្ថែមថាអេក្រង់បង្ហាញ The Wall ថ្មីនេះ ទទួលបាន AI Processor ថ្មី ដែលមាននាទីជួយទៅលើការបង្ហាញគុណភាពរូបភាព ក៏ដូចជាកម្រិត Contrast ឲ្យកាន់តែខ្ពស់ជាងមុន ហើយថែមទាំងជួយក្នុងការលុបចោល នូវគ្រាប់អុជក្នុងរូបភាពផងដែរ។ ការតរភ្ជាប់ជាមួយ Dock លើកនេះក៏ត្រូវបាន Samsung បង្កើនឲ្យប្រសើរជាងមុនដូចគ្នា តាមរយៈការភ្ជាប់ជាលក្ខណៈ Wireless រីឯកម្រាស់របស់វា លើកនេះក៏ត្រូវបានកាត់បន្ថយចេញពាក់កណ្ដាលតែម្ដង។ អេក្រង់បង្ហាញនោះមានជម្រើសច្រើនដែរ ជាក់ស្ដែងមានម៉ូឌែលប្រើកម្រិតបង្ហាញ 8K ជាមួយល្បឿន Refresh Rate 120Hz ក៏ដូចជាមានជម្រើសដែលមានកម្រិតបង្ហាញដល់ទៅ 16K ថែមទៀតផង (15,360 x 2,160 ភិចសែល)។ 

មិនត្រឹមតែប៉ុណ្ណោះទេ Samsung ក៏បានបញ្ជាក់ដែរថា អេក្រង់បង្ហាញជំនាន់ក្រោយរបស់ខ្លួននោះ មានកម្រិតពន្លឺខ្ពស់ដល់ 1,600 nits ទៀតផង ដែលនេះជាអត្ថប្រយោជន៍មួយ បានមកពីការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ MicroLED នោះឯង។

ក្រុមហ៊ុនកូរ៉េខាងត្បូងក៏បានអះអាងថា The Wall ជំនាន់ថ្មី នឹងផ្តល់ភាពងាយស្រួល ក្នុងការដាក់តាំងវាដូចគ្នា ជាក់ស្ដែងគេអាចដាក់វាបានច្រើនរបៀប មិនថាតែភ្ជាប់នឹងជញ្ជាំង ឬក៏លើពិដាននោះទេ។ យ៉ាងណាក៏ដោយ បន្ទះបង្ហាញខាងលើនោះ ត្រូវបាន Samsung នាំចូលទៅកាន់ទីផ្សារមួយចំនួនប៉ុណ្ណោះ មិនមែនលក់ទូទៅឡើយ ហើយសម្រាប់តម្លៃវិញ ក៏គេមិនទាន់បានបញ្ជាក់ប្រាប់ឲ្យដឹងនោះដែរ។ 

អញ្ចឹងហើយខាងលើនេះជា The Wall ជំនាន់ថ្មីរបស់ Samsung ដែលវាមិនមែនជាផលិតផលតម្រូវអ្នកប្រើប្រាស់គ្រប់គ្នានោះទេ ផ្ទុយទៅវិញគេធ្វើវាឡើង សម្រាប់ដាក់តាំងដើម្បីបង្ហាញរូបភាព ឬវីដេអូ Content ផ្សេងៗ តាមតម្រូវការហាងធំៗ ឬក៏ទីតាំងសារធារណៈធំៗទាំងឡាយណា ដែលមានមនុស្សអូអរច្រើននោះឯង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង