Audi ទើបបញ្ចេញរថយន្តត្រកូល RS3 ស៊េរីថ្មីឆ្នាំ 2022 ដោយមានការរចនារូបរាងថ្មី និងបំពាក់ម៉ាស៊ីនខ្លាំងជាងមុន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យប់មិញនេះ Audi បានប្រកាសចេញរថយន្តត្រកូល RS3 ជំនាន់ថ្មីស៊េរីឆ្នាំ 2022 របស់ខ្លួនជាផ្លូវការ ដោយក្នុងនោះមានចំនួនពីរម៉ូឌែល គឺមួយជាប្រភេទរថយន្ត Sedan និងមួយទៀតមានការរចនារូបរាងស្រដៀងគ្នាច្រើនដែរ ប៉ុន្តែវាជាប្រភេទ Hatchback វិញ (មានផ្នែកខាងក្រោយស្រដៀង SUV)។ យ៉ាងណាក៏ដោយ វាទាំងពីរនេះគឺខុសគ្នាតែការរចនារាងខាងក្រោយមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ផ្នែកខាងមុខ ក៏ដូចជាកម្លាំងម៉ាស៊ីនវិញ វាមានលក្ខណៈដូចគ្នាស្ទើរទាំងស្រុងតែម្ដង។

ទៅមើលលើម៉ាស៊ីនដែលបំពាក់មក Audi RS3 ស៊េរីថ្មីនេះ បានប្រើប្រាស់ម៉ាស៊ីនចំណុះ 2.5L Turbocharged ជាប្រភេទ Inline Five-Cylinder (មានស៊ីឡាំង 5 តម្រៀបជាជួរ) ហើយម៉ាស៊ីននេះ អាចបង្កើតកម្លាំងបានដល់ 401hp និងមានកម្លាំងបង្វិលកង់ 369 lbs/ft (Pound-feet of Torque)។ បន្ថែមពីនេះ វាក៏មានប្រអប់លេខ 7 វគ្គអូតូ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ទាំង 4 មានន័យថាវាជាប្រភេទរថយន្តដំណើរដោយកង់ទាំង 4 ឬ All Wheel Drive ហ្នឹងឯង។ ទៅមើលល្បឿនស្ទុះរបស់វាវិញ វាអាចស្ទុះពី 0 ទៅដល់ 60mph ឬ 97km/h ដោយចំណាយពេល 3.8 វិនាទី ចំណែកល្បឿនខ្ពស់បំផុតរបស់វា គឺម៉ូឌែលធម្មតាអាចឡើងដល់ 249km/h ប៉ុន្តែសម្រាប់ជម្រើសកញ្ចប់ Dynamic របស់ Audi នោះវិញ ល្បឿនខ្ពស់បំផុតរបស់វាឡើងដល់ 289km/h គ្រាន់តែតម្លៃនឹងកើនឡើងតាមនឹងដែរ។

Audi ក៏បានដាក់បញ្ចូលមុខងារ Drift Mode ចូលទៅក្នុង RS3 ស៊េរីថ្មីខាងលើដូចគ្នា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការ Drift រថយន្តនោះបានដូចអ្នក Drift លំដាប់ Professional អញ្ចឹងដែរ។ ក្រៅពីនេះរថយន្តខាងលើ ក៏បានបំពាក់មកជាមួយយ៉ាន់កង់ទំហំ 19 អ៊ីញ Alloy Wheels មកជាស្ដង់ដារតែម្ដង។ ចូលទៅខាងក្នុង លើកនេះ Audi បានកែប្រែឲ្យកាន់តែប្រសើរជាងមុនថែមទៀត ដោយបានបំពាក់អេក្រង់នៅខាងមុខអ្នកបើកទំហំធំ 12.3 អ៊ីញ សម្រាប់បង្ហាញព័ត៌មានផ្សេងៗ ហើយវាក៏មានអេក្រង់នៅកណ្ដាលទំហំ 10.1 អ៊ីញមួយទៀតជាប្រភេទ Touch Screen សម្រាប់ប្រើប្រាស់ទៅលើផ្នែក Infotainment System បន្ថែមពីនេះ RS3 ថ្មីក៏មានមុខងារ Heads-up Display មកស្រាប់ដូចគ្នា។ 

សម្រាប់ចំណុចសំខាន់ៗផ្សេងទៀតនោះមានដូចជា វាបានបំពាក់អំពូលភ្លើងខាងមុខ និងខាងក្រោយជាប្រភេទ LED ព្រមទាំងប្រើប្រាស់ភ្លើងស៊ីញ៉ូឆ្វេងស្ដាំបែប Dynamic ទៀតផង។ ទន្ទឹមគ្នានោះវាក៏មានភ្ជាប់មកជាមួយកៅអីខាងក្នុងជាប្រភេទ RS Sport Seats ដែលក្រាលដោយស្បែក ចំណែកឯដៃចង្កូតវិញគឺត្រូវបានធ្វើឡើងមកបែប RS Sport ដូចគ្នា។

នៅក្នុងពេលនេះ Audi បានដាក់ឲ្យអតិថិជនរបស់ខ្លួន ធ្វើការកុម្ម៉ង់ទិញទុកមុនសម្រាប់ទីផ្សារអឺរ៉ុបមុនគេ ដោយតម្លៃរបស់វាវិញចាប់ផ្តើមឡើងពី 70,832 ដុល្លារសម្រាប់ម៉ូឌែល Hatchback ខណៈពេលម៉ូឌែល Sedan វិញ តម្លៃរបស់វាចាប់ផ្តើមឡើងពី 73,193 ដុល្លារឡើងទៅ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង