Jeep បង្ហាញពីគំនិតរថយន្ដបើកបរក្រោមទឹក នៅលើវីដេអូខ្លីគម្រប់ខួបលើកទី 80 ឆ្នាំរបស់គេ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ជាការពិតណាស់ 80 ឆ្នាំហើយ ដែលក្រុមហ៊ុនផលិតរថយន្ដ Jeep បានបើកដំណើរការតាំងពីលើកដំបូង ហើយពួកគេក៏មានគំនិតជាច្រើន សម្រាប់រថយន្ដស៊េរីចេញលក់ថ្មីៗ នៅក្នុងពេលអនាគតខាងមុខនេះ។ បើយោងតាមរយៈវីដេអូខ្លីមួយរបស់ Jeep នៅលើឆានែល YouTube ផ្លូវការរបស់ពួកគេ បានដាក់បង្ហាញចាប់ផ្ដើមពី គម្រោងរថយន្ដបើកបរដោយស្វ័យប្រវត្តិ រហូតដល់រថយន្ដជិះនៅក្រោមទឹក ថែមទៀតផង។

ផ្នែកដំបូងនៃវីដេអូមួយនោះ ក្រុមហ៊ុន Jeep បានរំលឹកត្រឡប់ទៅកាន់ឆ្នាំ 1941 ហើយក៏បានបន្ដចែករំលែកចក្ខុវិស័យរបស់ពួកគេ ចាប់ពីខែកក្កដាឆ្នាំ 2021 នេះ រហូតដល់ឆ្នាំ 2030 ឯណោះ។ ចំណុចផ្ដោតសំខាន់នោះគឺរថយន្ដអគ្គិសនី ក៏ដូចជាកន្លែងបញ្ចូលភ្លើងរថយន្ដ ជាមួយការប្រើប្រាស់ថាមពលសូឡា ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាបច្ចេកវិទ្យាសម្គាល់មុខរបស់ម្ចាស់រថយន្ដ, សម្ពាធខ្យល់សំបកកង់ឡាន អាចកំណត់ដោយស្វ័យប្រវត្តិ ទៅតាមស្ថានភាពផ្លូវ និងមានផ្ដល់ជូន Drone ក្នុងតួរថយន្ដស្រាប់ សម្រាប់រថយន្ដ Jeep ស៊េរីឆ្នាំ 2025 ផងដែរ។ ចំណែកឯឆ្នាំ 2030 ក្រុមហ៊ុន Jeep មានគម្រោងបញ្ចេញរថយន្ដបើកបរក្នុងទឹក ដែលបង្ហើបឲ្យឃើញនៅចុងវីដេអូបន្ដិច។

អ្នកនិយមតាមដានពីដំណឹងរថយន្ដ ភាគច្រើនបានដឹងរួចមកហើយថា រថយន្ដអគ្គិសនីនឹងក្លាយជាទម្រង់ស្ដង់ដា នៅពេលអនាគតខាងមុខនេះ បូករួមទាំងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ ដោយឡែក សម្រាប់រថយន្ដជិះនៅក្រោមទឹក គឺនៅមិនទាន់ច្បាស់ខ្លាំងនោះទេថា នឹងអាចធ្វើទៅបាន ប៉ុន្ដែ Jeep កំពុងមានទំនុកចិត្តខ្ពស់ ជាមួយកម្រោងដាក់បង្ហាញនៅឆ្នាំ 2030 ជាសាធារណៈ។

ដោយ​ ៖ Jeep
អត្ថបទទាក់ទង