រូបភាព MagSafe Battery Pack នៅខាងក្រៅផ្ទាល់ បង្ហាញថាវាមានកម្រាស់ក្រាស់គ្រាន់បើ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ផ្អែកតាមការសរសេរបញ្ជាក់របស់ Apple ផ្ទាល់ បានធ្វើឲ្យយើងដឹងថា MagSafe Battery Pack ដែលបានប្រកាសចេញជាផ្លូវការ កាលពីសប្តាហ៍មុន នឹងត្រូវចាប់ផ្តើមដឹកជញ្ចូនទៅឲ្យអតិថិជន ដែលបានកុម្ម៉ង់ទិញទុកមុន នៅក្នុងអំឡុងសប្តាហ៍នេះតែម្តង។ យ៉ាងណាមិញ តាមរយៈបណ្តាញសង្គម Reddit បានធ្វើឲ្យយើងដឹងថា ខណៈពេលនេះ មានមនុស្សមួយចំនួនទទួលបាន MagSafe Battery Pack រួចបាត់ទៅហើយ។

មិនខុសនោះទេ តាមរយៈគណនីបណ្តាញសង្គម Reddit របស់ខ្លួន លោក Steven Russell ដែលរស់នៅក្នុងទីក្រុង Memphis នៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក បានលើកឡើងថា កាលពីចុងសប្តាហ៍មុន គាត់បានទិញ MagSafe Battery Pack នៅក្នុងហាង Apple Store ដោយផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោក Steven Russell ក៏បានបង្ហោះរូបភាព MagSafe Battery Pack ជាច្រើនសន្លឹក ដែលថតដោយរូបគាត់ផ្ទាល់ ឲ្យអ្នកលេងបណ្តាញសង្គម Reddit បានឃើញផងដែរ។ បន្ថែមពីនេះ គាត់ក៏បានបញ្ជាក់ថា នៅផ្នែកខាងក្រៅរបស់ MagSafe Battery Pack មិនមែនស្រោបដោយស៊ីលីកុន (Silicon) ដូចដែលមនុស្សភាគច្រើនបានគិតនោះទេ ប៉ុន្តែជំនួសមកវិញ វាត្រូវបានស្រោបដោយជ័ររឹង មានលក្ខណៈ Smooth។

លើសពីនេះ លោក Steven Russell ក៏បានបញ្ជាក់ទៀតថា MagSafe Battery Pack មានកម្រាស់ក្រាស់គ្រាន់បើ ប៉ុន្តែវានៅតែអាចឆក់ជាប់ខ្នងខាងក្រោយរបស់ iPhone 12 Pro បានយ៉ាងល្អ បើទោះបីជា iPhone 12 Pro របស់គាត់ប្រើ Case ក៏ដោយ។ គួរបញ្ជាក់ផងថា MagSafe Battery Pack គឺជា Power Bank ដែល Apple បង្កើតឡើងជាពិសេសសម្រាប់ប្រើជាមួយ iPhone 12 Series តែម្តង។ MagSafe Battery Pack មានសមត្ថភាពសាកបញ្ចូលថាមពលទៅឲ្យ iPhone 12 Series ជាមួយល្បឿន 5W និងឡើងដល់ 15W នៅពេលវាត្រូវបានតភ្ជាប់ទៅកាន់ប្រភពអគ្គិសនី តាមរយៈខ្សែ Lightning និងឆ្នាំងសាកកម្លាំង 20W ឡើងទៅ។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក MagSafe Battery Pack ត្រូវបានដាក់លក់នៅក្នុងតម្លៃដើម 99 ដុល្លារ។

ប្រភព ៖ Steven Russell
អត្ថបទទាក់ទង