អាជ្ញាធរម៉ាឡេស៊ីកំទេចម៉ាស៊ីន Crypto Mining ចំនួន 1 ពាន់គ្រឿងចោល ក្រោយពីរឹបអូសបាន​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ប្រជាប្រិយភាពរបស់រូបិយប័ណ្ណឌីជីថល ដែលត្រូវបាននិយមហៅថា Cryptocurrency គឺកើនឡើងខ្ពស់ទៅៗគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងឆ្នាំ 2021 នេះតែម្ដង ដោយមនុស្សកាន់តែច្រើន នាំគ្នាទិញក្រាហ្វិកកាត ដើម្បីយកទៅ Mining រកប្រាក់ប្រភេទនោះ។ ចំណែកឯពេលថ្មីៗនេះ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរក្នុងស្រុក សម្រេចចិត្តកំទេចម៉ាស៊ីន Mining អស់ចំនួន 1,069 គ្រឿងចោល (ស្មើនឹងតម្លៃ 1.26 លានដុល្លារ) ដោយសារតែ ពួកគេលួចប្រើប្រាស់អគ្គិសនី ជាមួយតម្លៃស្មើនឹង 2 លានដុល្លារ។

ហាក់បីដូចជា វីដេអូនៅខាងក្រោមនេះ ដោយដាក់បង្ហាញឲ្យឃើញថា អាជ្ញាធរម៉ាឡេស៊ី បានយករូឡូកិនដីមកបើកពីលើ កំទេចរហូតដល់ម៉ត់អស់តែម្ដង។ ជាការពិតណាស់ ម៉ាស៊ីនកុំព្យូទ័រទាំងអស់នោះ ត្រូវបានបង្កើតឡើងមកជាពិសេស សម្រាប់តែដំណើរការ Mining រុករក Crypto ជានិច្ច និងមានតម្រូវការប្រើប្រាស់ ប្រព័ន្ធអគ្គិសនីច្រើនមែនទែន។

ហេតុដោយសារតែ ពួកគេចង់ចំណេញប្រាក់បានកាន់តែច្រើន ដូច្នេះហើយក៏មានគំនិតលួចអគ្គិសនីរបស់រដ្ឋ រហូតដល់ស្មើនឹងតម្លៃ 2 លានដុល្លារ ថែមទៀតផង។ ចំពោះវិធីលួចអគ្គិសនីមកប្រើប្រាស់នេះ គឺមិនត្រូវបានលាតត្រដាងឲ្យដឹងនោះទេ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា ពួកគេចំណាយប្រាក់ដល់ទៅ 1.26 លានដុល្លារ ដើម្បីផ្គុំម៉ាស៊ីន Mining ទាំង 1,069 គ្រឿងនោះ។

ស្របនឹងពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នៅក្នុងតំបន់អឺរ៉ុប ក៏បានចុះចាប់ទីតាំងមួយ ដែលលួចប្រើអគ្គិសនីរដ្ឋដូចគ្នា ដោយឡែក ពួកគេទិញយកម៉ាស៊ីនហ្គេម PS4 Pro ចំនួន 3,800 គ្រឿង ដើម្បីឲ្យមកធ្វើការ Mining ទៅវិញ។ អ៊ីចឹង មុនពេលនឹងចង់ចាប់ផ្ដើម Mining គួរតែគិតទៅលើផ្នែកអគ្គិសនីមុនសិន ថាតើការចំណាយចេញ មានចំនួនតិចជាងចំណូលឬក៏អត់ទេ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង