អ្នកប្រើប្រាស់ iOS 15 នឹងមានមុខងារកំណត់ទំហំអក្សរ ទៅតាមកម្មវិធីមួយៗបាន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ស្របនឹងពេលដែល Apple ដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 15 ជំនាន់ក្រោយផ្លូវការ កាលពីដើមខែមិថុនាកន្លងទៅ ពួកគេមិនបានបញ្ជាក់អំពី មុខងារថ្មីៗឲ្យបានលម្អិតនោះទេ ហើយមុខងារថ្មីៗផ្សេងៗទៀត ត្រូវបានលាក់ទុកធ្វើតេស្ដសិន។ ឈានមកដល់ពេលថ្មីៗនេះ ក៏មានអ្នកស្វែងរកឃើញមុខងារថ្មីមួយ ដែលមានអត្ថប្រយោជន៍សំខាន់ សម្រាប់អ្នកចង់ពង្រីកឬបង្រួមទំហំអក្សរ នៅលើតែកម្មវិធីណាមួយ ដោយមិនចង់ផ្លាស់ប្ដូរ លើគ្រប់កម្មវិធីទាំងអស់ ផងដែរ។

ហេតុដូច្នេះហើយ ប្រសិនបើអ្នកប្រើប្រាស់យល់ឃើញថា កម្មវិធី Facebook មានពុម្ពអក្សរតូចជាងកម្មវិធីផ្សេងៗទៀត នោះពួកគេនឹងអាចកំណត់ តែនៅលើកម្មវិធីនោះតែមួយបាន ដោយមិនប៉ះពាល់ដល់កម្មវិធីដទៃទៀត ក្រោយពីបានអាប់ដេតឡើង iOS 15 នៅពេលខាងមុខនេះ។ អុ្នកប្រើប្រាស់អាចចូលទៅកំណត់បាន តាមរយៈការបញ្ជាលើផ្ទាំង Control Center និងឃើញមានជម្រើសចំនួន 2 ដូចជា កំណត់លើកម្មវីធីទាំងអស់ (All Apps) និងកំណត់តែកម្មវិធីនោះមួយ (ឧបករណ៍ថា Facebook Only)។ ជាការពិតណាស់ មុខងារនេះមិនមែនសំខាន់ សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ ប៉ុន្ដែអ្នកដែលពិបាកមើលអក្សរ នៅលើតែកម្មវិធីមួយចំនួន នឹងពេញចិត្តប្រើវាជាក់ជាមិនខាន។

នាពេលបច្ចុប្បន្ននេះ មុខងារថ្មីនេះកំពុងតេស្ដនៅលើ iOS 15 ជំនាន់សាកល្បង Beta ជាបណ្ដើរៗសិន ដោយមានការរំពឹងទុកថា Apple នឹងអាចបញ្ចេញជាផ្លូវការ នៅអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ 2021 ខាងមុខ។ តើអ្នកទាំងអស់គ្នាកំពុងរង់ចាំរហូតដល់ Apple បញ្ចេញជំនាន់ផ្លូវការ ឬក៏បានដំឡើងជំនាន់សាកល្បង Beta រួចមកហើយ?

ប្រភព ៖ Apple
អត្ថបទទាក់ទង