Ford ផលិតទឹកអប់ក្លិនសាំងជាពិសេស សម្រាប់ម្ចាស់រថយន្ដប្រភេទអគ្គិសនី​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

រថយន្ដអគ្គិសនីពិតជា កើនឡើងប្រជាប្រិយភាពលឿន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទៅតាមតំបន់មួយចំនួន កំពុងត្រៀមកាត់ដាច់រថយន្ដចាក់សាំង ឲ្យបានមុនឆ្នាំ 2030 ខាងមុខនេះតែម្ដង។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលចូលចិត្តក្លិនសាំង ប៉ុន្ដែបើកបររថយន្ដប្រភេទអគ្គិសនី នឹងលែងចោទជាបញ្ហាទៀតឡើយ ជាមួយទឹកអប់ថ្មីផលិតដោយ Ford ផ្ទាល់។

បើយោងតាមវេបសាយរបស់ Ford បានបញ្ជាក់ឲ្យដឹងថា ទឹកអប់ក្លិនសាំងរបស់គេនេះ គឺមានលក្ខណៈប្រណិតគុណភាពខ្ពស់ និងផលិតឡើងជាពិសេស សម្រាប់អ្នកបើកបររថយន្ដអគ្គិសនី ប៉ុន្ដែមិនទាន់ដាច់ចិត្តពីក្លិនសាំង។ ក្រុមហ៊ុន Ford ប្រចាំតំបន់អឺរ៉ុប បានធ្វើការដកស្រង់មតិ និងទទួលបានលទ្ធផលថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស 5 នាក់ នៅតែនឹកក្លិនប្រេងសាំងដដែល ក្រោយពីបានប្ដូរទៅ បើករថយន្ដអគ្គិសនីហើយមែន។ ក្លិនសំាងផលិតឡើងមកដោយ Ford នេះ ត្រូវបានដាក់ឈ្មោះហៅថា Mach-Eau ប៉ុន្ដែពួកគេមិនទាន់មានគម្រោងដាក់លក់ នៅក្នុងពេលបច្ចុប្បន្ននេះនៅឡើយទេ។

ជាការពិតណាស់ មនុស្សមួយចំនួន អាចមានទម្លាប់ញៀនលើអ្វីមួយប្លែកៗ ដូចជាក្លិនសាំងនេះជាដើម ហើយចុះអ្នកទាំងអស់គ្នាវិញ តើមានធ្លាប់ដែលចូលចិត្ត ហិតក្លិនសាំងដែរឬទេ? បើ Ford ដាក់លក់វានៅថ្ងៃខាងមុខ តើអ្នកយល់ឃើញថា មានមនុស្សទិញច្រើនដែរអត់ទេ?

ដោយ​ ៖ Ford
អត្ថបទទាក់ទង