ជប៉ុនបំបែកកំណត់ត្រាល្បឿនអ៊ីនធើណេត ដោយបង្កើតបណ្ដាញអ៊ីនធើណេតមានល្បឿនដល់ទៅ 319 Tb/s ឯណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

អ៊ីនធើណេតជាបច្ចេកវិទ្យាដែលសំខាន់បំផុត នៅក្នុងពេលបច្ចុប្បន្ននេះ ដោយស្ទើរតែមិនអាចខ្វះបាននោះទេ នៅពេលដែលសំដៅដល់ការងារ ការសិក្សា ក៏ដូចជាការបំពេញកិច្ចការផ្សេងៗ ព្រោះវានឹងជួយផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់ការរស់នៅរបស់មនុស្ស។ បើទោះជាសព្វថ្ងៃនេះ យើងមានអ៊ីនធើណេតប្រើប្រាស់ហើយក៏ពិតមែន ប៉ុន្តែអ្នកស្រាវជ្រាវនៅតែបន្តសិក្សាបន្ថែម ដើម្បីបង្កើតបណ្ដាញអ៊ីនធើណេតថ្មី ដែលមានល្បឿនកាន់តែលឿនថែមទៀត។ ជាក់ស្ដែងដូចថ្មីៗកន្លងទៅនេះ វិស្វកររបស់ជប៉ុនបានបង្កើតបណ្ដាញអ៊ីនធើណេត ដែលមានល្បឿនបំផុត បំបែកកំណត់ត្រាពិភពលោកទៀតផង។

មិនខុសទេ ថ្មីៗនេះអ្នកស្រាវជ្រាវនៅជប៉ុនបានបង្កើតបណ្ដាញអ៊ីនធើណេត ដែលមានល្បឿនលឿនបំផុតបំបែកកំណត់ត្រាចាស់ ពោលគឺវាមានល្បឿនក្នុងការបញ្ជូនទិន្នន័យដល់ទៅ 319 Tb/s ឯណោះ (Terabits ក្នុងមួយវិនាទី)។ ចំណុចដែលកាន់ពិសេសនៅលើរបកគំហើញថ្មីនេះ គឺថាគេមិនមានប្រើប្រាស់បច្ចេកវិទ្យាថ្មីណាមួយឡើយ ពោលគឺប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ប៉ុណ្ណោះ ប៉ុន្តែអាចទទួលបានល្បឿនអ៊ីនធើណេតលឿនបំផុត ដោយលឿនជាងល្បឿនអ៊ីនធើណេត ដែលជាប់កំណត់ត្រាលឿនបំផុតកន្លងទៅក្បែរពីរដងឯណោះ និយាយឲ្យចំទៅនោះជាកំណត់ត្រាកាលពីឆ្នាំមុន ដែលមានល្បឿនបញ្ជូនទិន្នន័យ 178 Tb/s ហ្នឹងឯង។ 

ដើម្បីសម្រេចដល់ល្បឿននោះបាន គេបានកែតម្រូវលើចំណុចសំខាន់ៗជាច្រើន ដែលរួមមានទាំងបានប្រើប្រាស់ខ្សែ Fiber-Optic បំពាក់ Glass Tubes ចំនួន 4 Cores ជំនួសឲ្យខ្សែ Fiber-Optic ស្ដង់ដារដែលមានត្រឹម 1 Cores ប៉ុណ្ណោះ។ ចំណុចគួរឲ្យកត់សម្គាល់នោះគឺថា ល្បឿនបញ្ជូនទិន្នន័យខាងលើ មិនមែនវាស់នៅរយៈចម្ងាយជិតឡើយ ដោយគេបានតេស្តនៅរយៈចម្ងាយឆ្ងាយដល់ទៅ 3001km ឯណោះ ប៉ុន្តែជាលទ្ធផលគេនៅតែទទួលបានល្បឿនបញ្ជូនជាមធ្យមលឿនបំផុត ដូចបានបញ្ជាក់ខាងលើអញ្ចឹង។

ដើម្បីងាយស្រួលក្នុងការប្រៀបធៀប ឧទាហរណ៍ថា បើសិនជាវីដេអូគុណភាពខ្ពស់មួយនាទីមានទំហំ 100MB ដូច្នេះជាមួយល្បឿនដ៏លឿនខាងលើ អាចឲ្យអ្នកទាញយកវីដេអូប្រភេទនេះ បានសរុបដល់ទៅ 5,300 ម៉ោងឯណោះក្នុងរយៈពេលត្រឹមមួយវិនាទី។ ធៀបទៅនឹងល្បឿនអ៊ីនធើណេតលឿនបំផុត ដែល NASA បានប្រើប្រាស់វិញ ឃើញថាខ្ពស់បំផុតត្រឹម 91 Gb/s ប៉ុណ្ណោះ ដោយខុសគ្នាច្រើនមែនទែនបើធៀបនឹងល្បឿន ដែលអ្នកស្រាវជ្រាវជប៉ុនទើបសម្រេចបានខាងលើ។

ប្រភព ៖ Zmescience
អត្ថបទទាក់ទង