Aston Martin ដាក់បង្ហាញរថយន្ត Valhalla ថ្មីជា Hybrid Supercar មានកម្លាំងដល់ 937hp និងតម្លៃក្បែរ 1 លានដុល្លារឯណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Aston Martin ដែលជាយីហោរថយន្ត Supercar ទំនើប ក៏ដូចជារថយន្តប្រណាំង F1 មកពីប្រទេសអង់គ្លេស បានធ្វើការដាក់បង្ហាញរថយន្ត Valhalla ថ្មីរបស់ខ្លួនជាផ្លូវការ ដោយលើកនេះជាប្រភេទរថយន្ត Hybrid ថែមទៀតផង។ កន្លងទៅ 2 ឆ្នាំមុន Aston Martin បានដាក់បង្ហាញម៉ូឌែលគំរូនៃ Valhalla នេះជាផ្លូវការ ហើយទើបតែពេលនេះ ម៉ូឌែលចុងក្រោយសម្រាប់យកវាយលុកចូលទីផ្សារ ក៏ត្រូវបានដាក់បង្ហាញចេញមកដែរ ដោយបន្តប្រើប្រាស់ឈ្មោះ Valhalla ដដែលតែម្ដង។

Aston Martin Valhalla ជារថយន្តប្រភេទ Supercar ដែលមានម៉ាស៊ីន Hybrid ត្រូវបានគេរចនារូបរាងឡើងបែបប្រណិតតែម្ដង។ សម្រាប់កម្លាំងមាស៊ីនសរុបដែលវាអាចបង្កើតបាននោះ គឺឡើងដល់ 937hp ដែលអាចឲ្យវាស្ទុះពី 0 ដល់ 100km/h ដោយចំណាយពេលក្រោម 2.5 វិនាទីប៉ុណ្ណោះ ចំណែកឯល្បឿនខ្ពស់បំផុត ដែលវាអាចឡើងដល់នោះគឺ 349km/h ទៀតផង។ មិនខុសទេ កម្លាំងនេះមិនអាចកើតឡើង បើគ្មានការបំពាក់ជាមួយម៉ូទ័រអគ្គិសនីឡើយ ពោលគឺ Valhalla បានប្រើប្រាស់ម៉ាស៊ីនជាប្រភេទ 4.0-liter Twin-turbo V8 ដែលអាចបង្កើតកម្លាំងបាន 740hp ជាមួយគ្នានឹងម៉ូទ័រអគ្គិសនីមួយគូរទៀត អាចបង្កើតកម្លាំងសរុបបាន 201hp ផងដែរ។ 

Aston Martin ក៏បានផ្តល់ជម្រើសឲ្យអ្នកប្រើប្រាស់អាចបើកបរ ដោយប្រើម៉ូទ័រអគ្គិសនីសុទ្ធក៏បាន ប៉ុន្តែល្បឿនខ្ពស់បំផុតអាចឡើងដល់ត្រឹម 129km/h ប៉ុណ្ណោះ។ 

ដោយសារតែការស្រោបតួខ្លួនមួយផ្នែកធំជា Carbon Fiber នោះ ដូច្នេះវាជួយធ្វើរថយន្តខាងលើ មានទម្ងន់ស្រាលល្មមខ្ទង់ 1,550kg។ ក្រុមហ៊ុនអង់គ្លេសអះអាងថា នៅផ្នែកខាងក្នុងនៃ Valhalla ត្រូវបានបំពាក់ជាមួយប្រព័ន្ធ Infotainment System ថ្មី នៅលើអេក្រង់បង្ហាញស្ថិតនៅកណ្ដាលរវាងអ្នកបើក និងអ្នកដំណើរ ហើយវាក៏ជាប្រភេទអេក្រង់ Touchscreen ព្រមទាំងអាចគាំទ្រជាមួយ Apple CarPlay ឬ Android Auto បានដូចគ្នា។ 

Aston Martin បញ្ជាក់ថារថយន្ត Hybrid Supercar របស់ខ្លួន នឹងចាប់ដឹកជញ្ជូនទៅឲ្យអតិថិជន ដែលបានកុម្ម៉ង់ទុកមុននោះ ចាប់ពីចុងឆ្នាំ 2023 ខាងមុខទៅឯណោះ ហើយការផលិតរបស់គេ ក៏ស្ថិតក្នុងចំនួនមានកំណត់ដែរ។ ទៅលើតម្លៃវិញត្រូវបានគេដាក់លក់ក្នុងប្រទេសអង់គ្លេសចន្លោះពី 830,000 ដល់ 968,000 ដុល្លារឯណោះ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង