Valve ចេញម៉ាស៊ីនហ្គេមចល័តតម្លៃ 399 ដុល្លារឡើងទៅ អាចអូសហ្គេមនៅក្នុង Steam បានទាំងអស់​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ហ្គេមដើរតួយ៉ាងសំខាន់លើការកម្សន្ដ សម្រាប់មនុស្សយើងគ្រប់រូប មិនថាចាស់ឬក្មេងឡើយ ដោយជាពិសេសបំផុត ខណៈពេលដែលវីរុសកូវីដ-19 បានរីករាលដាល ហើយមនុស្សមានពេលវេលា នៅក្នុងផ្ទះកាន់តែច្រើនជាងមុនបែបនេះ។ ឃើញដូច្នេះហើយ Valve ក៏បានសម្រេចចិត្តប្រកាសចេញ ម៉ាស៊ីនហ្គេមចល័តថ្មីមួយ ដែលមានកម្លាំងអាចរត់ហ្គេមលើ Steam បានទាំងអស់ និងមានតម្លៃចាប់ពីខ្ទង់ 399 ដុល្លារឡើងទៅ។

ម៉ាស៊ីនហ្គេមចល័តថ្មីមួយនេះ គឺមានឈ្មោះហៅថា Steam Deck (កុំច្រឡំជាមួយ Stream Deck) ហើយយើងឃើញមានចំនួន 3 ជម្រើស ទៅតាមតារាងតម្លៃរបស់វា។ ជម្រើសទី 1 មានទំហំផ្ទុក 64GB ប្រភេទ eMMC PCIe Gen 2 x1 (399 ដុល្លារ), ជម្រើសទី 2 មានទំហំផ្ទុក 256GB ប្រភេទ NVMe SSD PCIe Gen 3 x4 (529 ដុល្លារ) និងជម្រើសទី 3 មានទំហំផ្ទុក 512GB ប្រភេទ NVMe SSD PCIe Gen 3 x4 (649 ដុល្លារ) ព្រមទាំងការផ្ដល់ជូនកាដូបន្ថែម ដូចបញ្ជាក់ក្នុងរូបភាពខាងក្រោមនេះ។

Valve បានបញ្ជាក់ច្បាស់ថា ចំពោះកម្លំាងរត់ហ្គេមវិញ គឺមានសមត្ថភាពដូចៗគ្នាទាំង 3 ជម្រើសនោះ ដោយពួកវាប្រើប្រាស់ស៊ីភីយូ AMD APU (Zen 2) 4 Core & 8 Thread រត់នៅក្នុងល្បឿន 2.4-3.5GHz ក៏ដូចជាក្រាហ្វិកកាត GPU ប្រភេទ 8 RDNA 2 CUs (1.6 TFlops) និងរ៉េមទំហំ 16 GB LPDDR5 តែម្ដង។

ចំពោះបន្ទះអេក្រង់របស់វាមានទំហំ 7 អ៊ីញ (LCD) 60Hz កម្រិតគុណភាព 1280 x 800 (16:10 Aspect Ratio) និងកម្រិតពន្លឺ 400nits ផងដែរ។ ចំណុចផ្សេងៗទៀតរួមមានដូចជា រំញ័រ HD haptics, បន្ទះ Touchpad តូចៗចំនួន 2, រន្ធដោតកាស, រន្ធម៉ាយក្រូហ្វូន, Bluetooth 5.0, Wi-Fi Dual Band និងអាចកាន់ថ្មបាន 2 ទៅ 8 ម៉ោង បើយោងតាមការអះអាងដោយ Valve ផ្ទាល់។

***សម្រាប់លក្ខណៈសម្បត្តិលម្អិតបន្ថែម សូមចុចត្រង់នេះ

វាដំណើរការនៅលើស្បែក SteamOS 3.0 (Arch-based) នៃប្រព័ន្ធប្រតិបត្តិការ Linux និងមានគម្រោងចាប់ផ្ដើមដាក់លក់ជាផ្លូវការ លើទីផ្សារសហរដ្ឋអាមេរិក នៅអំឡុងខែធ្នូ ឆ្នាំ 2021 ខាងមុខនេះ។ ចុះអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរ? ថាតើវាអាចប្រកួតប្រជែងជាមួយ Nintendo Switch បានដែរឬក៏អត់ទេ?

ដោយ​ ៖ Steam
អត្ថបទទាក់ទង