Ford បានដាក់បង្ហាញរថយន្ត F-150 Rocket League Edition ប៉ុន្តែមិនមានគម្រោងផលិតលក់នោះទេ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីយប់មិញនេះ Ford បានផ្តល់ភាពផ្ញាក់ផ្អើលទៅដល់ពិភពរថយន្ត ក៏ដូចជាអ្នកនិយមលេងហ្គេម Rocket League តែម្តង។ ដោយតាមរយៈព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chicago Motor Show ឆ្នាំ 2021 ពួកគេបានដាក់បង្ហាញ F-150 Rocket League Edition ជាផ្លូវការ។ ជាហេតុធ្វើឲ្យ F-150 Rocket League Edition បានក្លាយទៅជារថយន្តដំបូងបង្អស់នៅក្នុងហ្គេម ដែលត្រូវបានគេយកទៅផលិតជារថយន្តពិតៗនៅខាងក្រៅតែម្តង។

ទៅលើរចនាបថរូបរាងខាងក្រៅ យើងសង្កេតឃើញថា រថយន្ត F-150 Rocket League Edition ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើរថយន្ត Ford F-150 ធម្មតា ច្រើនគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ F-150 Rocket League Edition ក៏ទទួលបានការកែប្រែទៅលើចំណុចមួយចំនួនផងដែរ។ ជាក់ស្តែង នៅត្រង់ប៉ាណា (Grille) ខាងមុខរបស់វា ត្រូវបានរំលេចដោយអក្សរ FORD ធំៗតែម្តង។ ជាងនេះទៅទៀត កាងខាងមុខ និងខាងក្រោយ ក៏ដូចជាផ្នែកមួយចំនួនផ្សេងទៀត ត្រូវបានរំលេចឡើងដោយពណ៌ត្រួយចេកស្រស់ ផងដែរ។ លើសពីនេះ នៅឃ្លុបខាងក្រោយរបស់ F-150 Rocket League Edition ក៏ឃើញមានភ្ជាប់មកជាមួយម៉ាស៊ីនដូចទៅក្នុងហ្គេមថែមទៀតផង ប៉ុន្តែយើងមិនដឹងច្បាស់ថា វាជាម៉ាស៊ីនពិត ឬក៏ជាម៉ាស៊ីននិម្មិតនោះទេ។

តាមរយៈព័ត៌មានដែលទទួលបានពីគេហទំព័រ MSN បានបង្ហាញឲ្យដឹងថា Ford មិនមានគម្រោងផលិតរថយន្ត F-150 Rocket League Edition សម្រាប់ដាក់លក់ឲ្យអតិថិជននោះទេ។ គួររំលឹកផងថា កាលពីខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅ Ford បានសហការជាមួយក្រុមហ៊ុនផលិតហ្គេម Psyonix ដើម្បីរចនារថយន្ត F-150 ពិសេសខាងលើ សម្រាប់យកទៅដាក់ឲ្យលេងនៅក្នុងហ្គេម Rocket League តែម្តង។

ប្រភព ៖ MSN
អត្ថបទទាក់ទង