Amazon ទិញយកក្រុមដែលធ្វើការទៅលើ Satellite Internet របស់ Facebook ឲ្យមកចូលរួមគម្រោងរបស់ខ្លួន​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងទៅនេះមានក្រុមហ៊ុនយក្សជាច្រើន កំពុងតែប្រជែងគ្នាទៅលើការអភិវឌ្ឍន៍ផ្នែកអ៊ីនធឺណេត ដែលផ្តល់ឲ្យដោយផ្កាយរណប បង្ហោះនៅលើលំហកន្លងផែនដីទាប ហើយក្រុមហ៊ុនទាំងនោះរួមមានដូចជា SpaceX, Amazon, Softbank ព្រមទាំង Facebook ផងដែរ។ ប៉ុន្តែសម្រាប់ពេលនេះវិញ Facebook បានដកខ្លួនចេញមួយទៅវិញហើយ ដោយក្រុមការងារដែលធ្វើការលើផ្នែក Satellite Internet នេះ ត្រូវបានគេលក់ទៅឲ្យ Amazon ជាផ្លូវការ ប៉ុន្តែមិនបានបញ្ជាក់ទាក់ទងនឹងតម្លៃនៃការលក់នោះឡើយ។

មិនខុសទេ ក្រុមការងារផ្នែក Satellite Internet របស់ Facebook ពេលនេះស្ថិតក្រោមការគ្រប់គ្រងរបស់ Amazon ជំនួសវិញហើយ។ សម្រាប់អ្នកដែលធ្លាប់បានស្គាល់ពី Satellite Internet ឬអ៊ីនធើណេតតាមផ្កាយរណប នៃ Starlink របស់ SpaceX នោះ គឺមិនខុសគ្នាទេ ដោយអ៊ីនធើណេតតាមផ្កាយរណបរបស់ Amazon ឬ Facebook ក៏មានលក្ខណៈបែបនោះដែរ ដែលតម្រូវឲ្យមានការបង្ហោះផ្កាយរណប ទៅកាន់កន្លងផែនដីកម្រិតទាប អាចឲ្យអ្នកប្រើប្រាស់ ភ្ជាប់បណ្ដាញអ៊ីនធើណេតនោះបានពីផែនដីទៅ។ 

ចំណុចសំខាន់នៃវិធីផ្គត់ផ្គង់អ៊ីនធើណេតនេះ គឺត្រង់ថា អ៊ីនធើណេតមានល្បឿនលឿន និងអាចសាយភាយបាន គ្រប់តំបន់ទាំងអស់នៅលើផែនដី មិនថាជាតំបន់ដែលកន្លងទៅ គ្មានសេវាអ៊ីនធើណេតទៅដល់ក៏ដោយ។ Amazon មានគម្រោងក្នុងការបង្ហោះផ្កាយរណបឲ្យបាន 3,236 គ្រឿងទៅកាន់គន្លងផែនដី គិតត្រឹមឆ្នាំ 2029 ដែលក្នុងនោះគឺចំនួនស្មើនឹងពាក់កណ្ដាលនេះ ត្រូវបានរំពឹងថា នឹងបង្ហោះទៅកាន់លំហឲ្យបានត្រឹមឆ្នាំ 2026 ផងដែរ។

ក្រុមហ៊ុនខាងលើក៏មានគម្រោងក្នុងការបង្កើតស្ថានីយនៅលើផ្ទៃដីចំនួន 12 ក្នុងពិភពលោក ដើម្បីធ្វើការបញ្ជូនទិន្នន័យ ក៏ដូចជាទទួលទិន្នន័យពីផ្កាយរណបមកវិញ។ ជុំវិញគម្រោងទាំងអស់នេះដែរ Amazon អះអាងថា គេនឹងធ្វើឲ្យវាកើតឡើងដោយចំណាយដើមទុនជាង 10 ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ថា គម្រោងទាក់ទងនឹងអ៊ីនធើណេតតាមផ្កាយរណបនេះ Amazon បានហៅថា Project Kuiper ដែលមានបុគ្គលិកសរុបជាង 500 នាក់ ហើយបុគ្គលិកដែលទទួលបាន តាមរយៈការទិញពី Facebook មកនោះ ត្រូវបានគេប្រាប់ថាជាអ្នកធ្វើការផ្នែក Physicists, Optical, Prototyping, Mechanical ព្រមទាំង Software Engineers ផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង