រថយន្តថ្មីៗយីហោ Volkswagen ក៏បានបំពាក់ជាមួយឈីប Exynos Auto របស់ Samsung ដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

រថយន្តទំនើបនាពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែត្រូវការបំពាក់ឈីប ដើម្បីអាចឲ្យក្រុមហ៊ុនផលិត ដាក់បញ្ចូលមុខងារសំខាន់ផ្សេងៗ ទាក់ទងនឹងផ្នែក Software ចូលទៅក្នុងរថយន្តបាន ជាក់ស្ដែងដូចជា មុខងារគ្រប់គ្រងរថយន្ត, តំណរភ្ជាប់ទៅកាន់អ៊ីនធើណេត, មុខងារ Entertainment, Navigation ក៏ដូចជាមុខងារសុវត្ថិភាពជាដើម។ ដោយសារតែតម្រូវការបែបនេះហើយ ទើបធ្វើឲ្យ Samsung អាចពង្រីកខ្លួនចូលឧស្សាហកម្មយានយន្ត បានកាន់តែទូលាយ ជាក់ស្ដែងប៉ុន្មានឆ្នាំមុននេះ គេបានប្រកាសចេញឈីបមួយសម្រាប់រថយន្ត ត្រូវបានហៅថា Exynos Auto តែម្ដង។

បន្ទាប់ពីបានប្រកាសចេញឈីប Exynos Auto នាពេលនោះ Samsung ក៏បានបញ្ជាក់ថា Audi គឺជាក្រុមហ៊ុនដំបូងបំផុត ដែលបានប្រើប្រាស់ឈីបរបស់ខ្លួន នៅលើរថយន្តរបស់គេ។ ដោយឡែកនៅក្នុងពេលនេះ Volkswagen ដែលជាយីហោរថយន្តធំមួយ ក្នុងពិភពលោកនោះ ក៏បានចូលរួមដែរ ពោលយោងតាមរបាយការណ៍ចេញពីកូរ៉េខាងត្បូង គឺបញ្ជាក់ថា ក្រុមហ៊ុនរថយន្តធំមួយនេះ បានចាប់ផ្តើមប្រើប្រាស់ឈីប Exynos Auto របស់ Samsung នៅលើរថយន្តថ្មីៗរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំ 2021 នេះមកម្លេះ។ 

ឈីបដែលបំពាក់លើរថយន្តរបស់ Volkswagen នោះដែរ គឺត្រូវបានប្រើដើម្បីគ្រប់គ្រងលើផ្នែក Entertainment, Navigation ព្រមទាំងសម្រាប់ផ្នែក Vehicle Status Control ផងដែរ។ មកទល់ពេលបច្ចុប្បន្ន ឈីបជំនាន់ថ្មីដែល Samsung ផលិតសម្រាប់រថយន្តនោះគឺមកដល់ Exynos Auto V9 ហើយ ដែលជាឈីបត្រូវបានធ្វើឡើង ដោយផ្អែកលើស្ថាបត្យកម្ម 8nm ទៀតផង។

Exynos Auto V9 បានបំពាក់ CPU ARM Cortex-A76 ចំនួន 8 Cores ជាមួយ GPU ប្រភេទ ARM Mali-G76 MP18 ក៏ដូចជាមានភ្ជាប់មកស្រាប់នូវ NPU ដូចគ្នា។ ឈីបនេះអាចគាំទ្រជាមួយការបង្ហាញរូបភាព ទៅកាន់អេក្រង់បានដល់ទៅ 6 ហើយក៏អាចគាំទ្រការភ្ជាប់ជាមួយកាមេរ៉ាបានដល់ទៅ 12 និងអាចថតវីដេអូក្នុងកម្រិត 4K 120fps បានទៀតផង។ បន្ថែមពីនេះ Samsung ក៏កំពុងតែមានគម្រោងក្នុងការពង្រីកឈីប Exynos Auto ក្នុងវិស័យយានយន្ត ឲ្យកាន់តែទូលំទូលាយថែមទៀត តាមរយៈការអភិវឌ្ឍន៍ឈីបជំនាន់ថ្មី ដែលកាន់តែប្រសើរជាងមុន។

ប្រភព ៖ SamMoblie
អត្ថបទទាក់ទង