Samsung និង Tesla ចុះកិច្ចព្រមព្រៀងតម្លៃជិត 500 លានដុល្លារ ទាក់ទងនឹងកាមេរ៉ាបំពាក់លើ Cybertruck
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ មានរបាយការណ៍ចេញមកថា Samsung បានចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹង Tesla ទាក់ទងនឹងការផ្គត់ផ្គង់ឧបករណ៍សំខាន់ សម្រាប់យកទៅបំពាក់នៅលើរថយន្ត Cybertruck នៃក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកមួយនេះ។ បើតាមរបាយការណ៍នោះឃើញថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ គឺមានតម្លៃដល់ទៅជិត 500 លានដុល្លារឯណោះ និយាយឲ្យចំទៅនោះជាកិច្ចសន្យាក្នុងការ នាំយកកាមេរ៉ារបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ទៅបំពាក់លើរថយន្ត Cybertruck ហ្នឹងឯង។

មិនខុសទេ យោងតាមរបាយការណ៍ចេញពីកូរ៉េខាងត្បូងមក កិច្ចសន្យារវាងក្រុមហ៊ុនទាំងពីរ គឺមានតម្លៃជាក់លាក់ខ្ទង់ 436 លានដុល្លារ ដើម្បីនាំយកសេនស័រកាមេរ៉ារបស់ Samsung ទៅបំពាក់នៅលើរថយន្ត Tesla Cybertruck។ សម្រាប់ម៉ូឌែលគម្រូដែលត្រូវបាន Tesla បង្ហាញកាលពីចុងឆ្នាំ 2019 កន្លងទៅនោះ យើងឃើញហើយថា រថយន្តប្រភេទ Pick-Up ខាងលើ មិនមានភ្ជាប់ជាមួយកញ្ចក់សងខាង សម្រាប់មើលក្រោយនោះទេ ផ្ទុយទៅវិញ Tesla បានបំពាក់កាមេរ៉ាជាច្រើននៅផ្នែកខាងក្រោយ ដើម្បីធ្វើការចាប់យករូបភាព បង្ហាញទៅកាន់អ្នកបើកបរតាមរយៈអេក្រង់ខាងក្នុង ជំនួសឲ្យកញ្ចក់វិញ។ 

សម្រាប់ម៉ូឌែលដែលនឹងត្រូវចេញលក់ផ្លូវការ ក៏ត្រូវបានគេដឹងថា នឹងមិនមានកែប្រែខុសពីម៉ូឌែលគំរូឡើយ ដោយវានឹងមានការឌីហ្សាញបែប Mirrorless ដូចគ្នា ហេតុនេះហើយបានជា Tesla ត្រូវការសេនស័រកាមេរ៉ារបស់ Samsung។

សូមបញ្ជាក់ថា ការសហការគ្នារវាង Samsung និង Tesla មិនមែនជារឿងចម្លែកនោះទេ ព្រោះកន្លងមកក្រុមហ៊ុនទាំងពីរនេះ ក៏ធ្លាប់បានសហការគ្នាទាក់ទងនឹងផ្នែក EV ដែរ ដែលរួមបញ្ចូលទាំងថ្ម ឬអាគុយ ព្រមទាំងទាក់ទងនឹងអំពូលប្រើបច្ចេកវិទ្យា PixCell LED ដែលនឹងត្រូវបំពាក់លើរថយន្ត Tesla នាពេលអនាគតដូចគ្នាដែរ។

សូមរំឮកថា រថយន្ត Cybertruck ធ្លាប់ត្រូវបាន Tesla កំណត់ថា នឹងធ្វើការដាក់លក់ផ្លូវការ នៅចុងឆ្នាំនេះ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន មានការរាយការណ៍ជាច្រើនដងហើយថា ក្រុមហ៊ុនអាមេរិកនឹងពន្យាពេលបន្តទៀត ដោយសាររោងចក្រដែលត្រៀមសម្រាប់ផលិតរថយន្តនេះ នៅមិនទាន់បញ្ចប់ការសាងសង់នោះទេ។

ប្រភព ៖ SamMoblie
អត្ថបទទាក់ទង