នេះជារថយន្តទាំង 10 ម៉ូឌែល ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

នៅពេលនិយាយពីរថយន្តដែលមានតម្លៃថ្លៃ នោះមនុស្សមួយចំនួនប្រាកដជានឹកឃើញទៅដល់រថយន្តរបស់ Bugatti, Lamboghini, Koenigsegg ក៏ដូចក្រុមហ៊ុនផលិត Super Car ល្បីៗមួយចំនួនផ្សេងទៀត ច្បាស់ជាមិនខាន។ ជាធម្មតារបស់ភាគច្រើននៅក្នុងពិភពលោក តែងតែត្រូវបានគេចាត់ចំណាត់ថ្នាក់ ដូច្នេះរថយន្តដែលមានតម្លៃថ្លៃក៏ដូចគ្នាដែរ។ អញ្ចឹងនៅក្នុងថ្ងៃនេះ យើងនឹងធ្វើលើកយករថយន្តទាំង 10 ម៉ូឌែល ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក មកបង្ហាញជូនឲ្យប្រិយមិត្តបានដឹង ក៏ដូចជាបានឃើញពីរូបរាងរបស់ពួកវាផងដែរ។

10. Pagani Huayra Roadster BC (3.5 លានដុល្លារ)

Pagani Huayra Roadster BC បានបង្ហាញជាផ្លូវការ កាលពីឆ្នាំ 2020 កន្លងទៅ ហើយវាមានតម្លៃខ្ទង់ 3.5 លានដុល្លារ សម្រាប់មួយគ្រឿង ក៏ដូចជាត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 40 គ្រឿងប៉ុណ្ណោះ។ Pagani Huayra Roadster BC បំពាក់ម៉ាស៊ីន 6L V12 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 590kW (791hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,049 N⋅m និងមានល្បឿនអតិបរិមា 370 km/h (230mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 3 វិនាទី។

9. Bugatti Chiron Pur Sport (3.6 លានដុល្លារ)

Bugatti Chiron Pur Sport ត្រូវបានចាប់ផ្តើមផលិតនៅក្នុងអំឡុងចុងឆ្នាំ 2020 កន្លងទៅ ហើយវាមានតម្លៃខ្ទង់ 3.6 លានដុល្លារ សម្រាប់មួយគ្រឿង។ Bugatti Chiron Pur Sport បំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 1,102kW (1,479hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,600 N⋅m និងមានល្បឿនអតិបរិមា 350 km/h (217mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 2.3 វិនាទី។

8. Bugatti Chiron Super Sport 300+ (3.9 លានដុល្លារ)

នៅដើមឆ្នាំ 2021 នេះ Bugatti បានទាញយកការចាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្តរថយន្តទំនើបៗ ដោយពួកគេបានប្រកាសចេញ Bugatti Chiron Super Sport 300+ ហើយវាមានតម្លៃខ្ទង់ 3.9 លានដុល្លារ សម្រាប់មួយគ្រឿង ក៏ដូចជាត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 30 គ្រឿងប៉ុណ្ណោះ។ Bugatti Chiron Super Sport 300+ បានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 1,175kW (1,577hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,600 N⋅m និងមានល្បឿនអតិបរិមា 439km/h (273 mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 299 km/h (186mph) ចំណាយពេលខ្ទង់ 12 វិនាទី។

7. Lamborghini Veneno (4.5 លានដុល្លារ)

Lamborghini Veneno ត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 14 គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃខ្ទង់ 4.5 លានដុល្លារ សម្រាប់មួយគ្រឿង ជាហេតុធ្វើឲ្យវាក្លាយទៅជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ Lamborghini ក្នុងពេលបច្ចុប្បន្ននេះ។ Lamborghini Veneno បានបំពាក់ម៉ាស៊ីន 6.5L V12 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 552kW (740hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 609 N⋅m និងមានល្បឿនអតិបរិមា 356 km/h (221 mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 96 km/h (60mph) ចំណាយពេលខ្ទង់ 2.8 វិនាទី។

6. Koenigsegg CCXR Trevita (4.8 លានដុល្លារ)

Koenigsegg CCXR មានតម្លៃខ្ទង់ 4.8 លានដុល្លារ សម្រាប់មួយគ្រឿង ក៏ដូចជាត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 3 គ្រឿងប៉ុណ្ណោះ។ Koenigsegg CCXR បានបំពាក់ម៉ាស៊ីន 4.8L V-8 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 748kW (1,018hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,080 N⋅m និងមានល្បឿនអតិបរមា 410+ km/h (254+ mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 2.9 វិនាទី។

5. Bugatti Divo (5.8 លានដុល្លារ)

ថ្វីត្បិតតែ Bugatti Divo មានរចនាបថរូបរាងខាងក្រៅស្រដៀងទៅនឹង Bugatti Chiron ក៏ពិតមែន ប៉ុន្តែវាមានតម្លៃថ្លៃជាង Bugatti Chiron ដល់ទៅជាង 2 លានដុល្លារ ក៏ដូចជាត្រូវផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 40 គ្រឿង ប៉ុណ្ណោះ។ Bugatti Divo បានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 1,103kW (1,479hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,020 N⋅m និងមានល្បឿនអតិបរមា 380 km/h (236mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 2.4 វិនាទី។

4. Mercedes-Maybach Exelero (8 លានដុល្លារ)

Mercedes-Maybach Exelero ត្រូវបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2014 ហើយវាមានតម្លៃខ្ទង់ 8 លានដុល្លារ សម្រាប់មួយគ្រឿង។ Mercedes-Maybach Exelero បានបំពាក់មកជាមួយម៉ាស៊ីន 6L V12 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 510kW (690hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,020 N⋅m និងមានល្បឿនអតិបរមា 350 km/h (218mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 4.4 វិនាទី។

3. Bugatti Centodieci (9 លានដុល្លារ)

Bugatti Centodieci ត្រូវបានបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំ 2020 កន្លងទៅ ហើយវាមានតម្លៃខ្ទង់ 9 លានដុល្លារ សម្រាប់មួយគ្រឿង។ Bugatti Centodieci បានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 1,175kW (1,577hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,600 N⋅m និងមានល្បឿនអតិបរមា 524 km/h (326mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 96 km/h (60mph) ចំណាយពេលខ្ទង់ 2.4 វិនាទី។

2. Bugatti La Voiture Noire (18.7 លានដុល្លារ)

Bugatti La Voiture Noire មានតម្លៃខ្ទង់ 18.7 លានដុល្លារ សម្រាប់មួយគ្រឿង ហើយវាបានបំពាក់ម៉ាស៊ីន 8L W16 មានសមត្ថភាពអាចបង្កើតកម្លាំងអតិបរមាបាន 1,102kW (1,479hp) ជាមួយកម្លាំងបង្វិលកង់អតិបរមា 1,600 N⋅m និងមានល្បឿនអតិបរមា 420km/h (260mph) ក៏ដូចជាអាចស្ទុះពី 0 ទៅដល់ 100 km/h (62mph) ចំណាយពេលខ្ទង់ 2.4 វិនាទី។

1. Rolls-Royce Boat Tail (តម្លៃប៉ាន់ស្មាន 28 លានដុល្លារ)

Rolls-Royce Boat Tail ជាអ្នកបន្តតំណែងរបស់ Rolls-Royce Sweptail ដែលបានបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំ 2017 កន្លងទៅ ហើយវាមានតម្លៃខ្ទង់ 12.8 លានដុល្លារ។ សម្រាប់តម្លៃរបស់ Rolls-Royce Boat Tail វិញ ខាងក្រុមហ៊ុនមិនបានបញ្ជាក់នោះទេ ប៉ុន្តែវាត្រូវបានប្រភពល្បីៗបង្ហើបឲ្យដឹងថា មានតម្លៃដល់ទៅខ្ទង់ 28 លានដុល្លារ ឯណោះ។

អញ្ចឹងសរុបមកវិញ ខាងលើនេះជារថយន្តទាំង 10 ម៉ូឌែល ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ដោយគិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 កន្លងទៅថ្មីៗនេះ។ គួរបញ្ជាក់បន្តិចផងថា សម្រាប់រថយន្តមួយចំនួននៅខាងលើ ទោះបីជាយើងមានលុយក៏មិនអាចទិញបាននោះដែរ បើទិញបានគឺបានត្រឹមរថយន្តដែលគេប្រើហើយប៉ុណ្ណោះ មូលហេតុនោះក៏ព្រោះពួកវាត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់។ ជាក់ស្តែង បើតាមខ្ញុំដឹង Lamborghini Veneno និង Koenigsegg CCXR Trevita សុទ្ធតែមានម្ចាស់អស់រួចទៅហើយ។ សម្រាប់ប្រិយមិត្តដែលចង់ដឹងពីរថយន្តទាំង 5 ម៉ូឌែល ដែលមានល្បឿនស្ទុះពី 0 ដល់ 100km/h រហ័សជាងគេបំផុតក្នុងពិភពលោក អាចនៅត្រង់តំណរភ្ជាប់មួយនេះបាន

ប្រភព ៖ Motor1
អត្ថបទទាក់ទង