BMW X5 ស៊េរីឆ្នាំ 2022 Black Vermilion Edition រំលេចពណ៌ខ្មៅលាយពណ៌ក្រហមយ៉ាងប្រណីត
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ចាប់តាំងពីរថយន្ដ BMW X5 ចេញវត្តមានដំបូងនៅអំឡុងឆ្នាំ 1999 រហូតមកដល់ពេលបច្ចុប្បន្ននេះ វានៅតែទទួលបានប្រជាប្រិយភាពខ្ពស់ និងកាន់តែទំនើបជាងមុនទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ឈានចូលមកដល់ពេលថ្មីៗនេះ BMW ក៏បានបញ្ចេញជម្រើសថ្មីមួយទៀត សម្រាប់ស៊េរី X5 ឆ្នាំ 2022 ដោយមានឈ្មោះហៅថា Black Vermilion Edition គួរឲ្យទាក់ទាញ សម្រាប់អ្នកចូលចិត្តពណ៌ខ្មៅក្រឹម។

ក្រៅពីត្រូវបានលាបពណ៌ខ្មៅម៉ត់រលោង (Matte) ជុំវិញតួខ្លួនរបស់វាហើយ យើងក៏ឃើញមានការលាយពណ៌ក្រហម នៅកន្លែងហ្វ្រាំងចន្លោះកង់ និងនៅកន្លែងប៉ាណា (Grille) ខាងមុខផងដែរ។ ពូកកៅអីពណ៌ខ្មៅនៅផ្នែកខាងក្នុងរថយន្ដ ត្រូវបានបំពាក់ដោយ ស្បែកចៀមប្រភេទ Merino និងលម្អជាមួយបន្ទាត់កាត់ពណ៌ក្រហម មើលទៅកាន់តែស្រស់ស្អាត។ លើសពីនេះទៅទៀត ចង្កឹះលេខនៅលើជម្រើស Black Vermilion Edition នេះ គឺមានលក្ខណៈជាកញ្ចក់ថ្លាតែម្ដង និងមានបំពាក់ភ្លើង LED នៅចង្កៀងមុខ ជាមួយបច្ចេកវិទ្យាឡាស៊ែរ ជាពិសេសរបស់ពួកគេ។

សម្រាប់ផ្នែកកម្លាំងរត់ BMW X5 ស៊េរីឆ្នាំ 2022 Black Vermilion Edition មានម៉ាស៊ីន 3.0-liter Turbocharged Inline-6 Motor ជាមួយកម្លាំងសេះ 335hp និងកម្លាំងបង្វិលកង់ 447nm ដោយកង់ទាំង 4 បង្វិលព្រមគ្នា។ វាមានសមត្ថភាពអាចជាន់ពីល្បឿន 0km/h ទៅដល់ 97km/h ចំណាយពេលត្រឹមខ្ទង់ 5.3 វិនាទីនោះទេ។

រថយន្ដ BMW X5 ស៊េរីឆ្នាំ 2022 ជម្រើស Black Vermilion Edition នឹងមានតម្លៃដាក់លក់ចាប់ពីខ្ទង់ 83,295 ដុល្លារឡើងទៅ នៅឯសហរដ្ឋអាមេរិក ហើយចាប់ផ្ដើមផលិតទ្រង់ទ្រាយធំ នៅអំឡុងខែកញ្ញា ឆ្នាំ 2021 តទៅ។ ទោះបីជាអ្នកទាំងអស់គ្នា ចង់ក្លាយជាម្ចាស់របស់វាយ៉ាងណាក្ដី ក៏នឹងពិបាករកទិញជាក់ជាមិនខាន ដោយក្រុមហ៊ុនដាក់លក់ត្រឹមតែ 350 គ្រឿងនៅសហរដ្ឋអាមេរិក និងមួយចំណែកទៀត យកទៅតំបន់អឺរ៉ុបប៉ុណ្ណោះ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង