ហ្គេម FIFA 22 នឹងចេញផ្លូវការនៅថ្ងៃទី 1 ខែតុលា ជាមួយការកែប្រែឲ្យកាន់តែដូចមនុស្សពិតជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ប្រិយមិត្តដែលនិយមចូលចិត្តលេងហ្គេម ច្បាស់ជាបានស្គាល់ហ្គេមបាល់ទាត់ FIFA ជាមិនខាន ព្រោះថានេះជាហ្គេមដ៏ពេញនិយមមួយ ក្នុងចំណោមហ្គេមប្រភេទកីឡា ហើយថ្មីៗនេះ EA ទើបតែបានបង្ហើបពីវត្តមានរបស់ FIFA 22 ជំនាន់ថ្មី តាមរយៈការបញ្ចេញវីដេអូ Trailer ព្រមទាំងមានការអះអាង អំពីចំណុចដែលនឹងត្រូវកែប្រែបន្ថែម ឲ្យកាន់តែប្រសើរជាងជំនាន់មុន។ មុននឹងចូលដល់ចំណុច ដែលគេបង្ហើបថានឹងកែប្រែនោះ គឺសូមបញ្ជាក់ថា កីឡាករ Kylian Mbappé នៅតែបន្តជាកីឡាករដែល EA ជ្រើសយកតាំងក្របមុខរបស់ហ្គេមថ្មីខាងលើ ដូចកាលពី FIFA 21 ដែរ។

ចំណុចសំខាន់បំផុត ដែល EA អះអាងថា នឹងមានការកែប្រែនោះ គឺទៅលើការដាក់បញ្ចូលបច្ចេកវិទ្យាថ្មី HyperMotion ដែលជាបច្ចេកវិទ្យាមួយ ត្រូវបានគេអះអាងថា នឹងចូលទៅជួយជម្រុញឲ្យចលនាផ្សេងៗ នៅក្នុងហ្គេមជំនាន់ថ្មីនោះ កាន់តែដូចពិតប្រាកដជាងមុន។ បច្ចេកវិទ្យាដែលត្រូវបានដាក់បញ្ចូលក្នុង FIFA 22 នេះ គឺបានប្រើប្រាស់ Machine Learning ដើម្បីបង្កើតជាចលនា នៅក្នុងពេលវេលាជាក់ស្ដែង (Real Time) ដែលធ្វើចលនានៃការបត់បែនផ្សេងៗរបស់តួរអង្គ មើលទៅកាន់តែដូចចលនា ចេញពីសរីរាង្គរបស់មនុស្សពិតអញ្ចឹងដែរ។ 

HyperMotion ក៏អាចឲ្យ EA ចាប់យកចលនារបស់កីឡាករល្បីៗ បានកាន់តែលឿនបំផុតដែរ ដូច្នេះវាជួយបង្ករភាពងាយស្រួលបានមួយផ្នែកទៀត សម្រាប់ក្រុមហ៊ុនហ្គេមខាងលើ ក្នុងការធ្វើឲ្យកីឡាករក្នុងហ្គេម មានចលនាស្រដៀងគ្នាច្រើន នឹងកីឡាករពិតប្រាកដ។ ក្រៅពីនេះ EA ក៏បង្ហើបថា គេបានកែប្រែទៅលើចំណុចផ្សេងៗទៀតដូចជា ផ្លាស់ប្តូរថ្មីទាំងស្រុងនូវ Goalkeeper System ក៏ដូចជាបទពិសោធន៍ថ្មីនៃការបង្ហើត Club ក្នុង Career Mode ជាដើម។

FIFA 22 នឹងចេញផ្លូវការនៅក្នុងថ្ងៃទី 1 ខែតុលា ព្រមៗគ្នាគ្រប់ Platforms ទាំងអស់តែម្ដង។ ទន្ទឹមគ្នានោះ វាក៏នឹងមាននៅលើ PS4, Xbox One ចំណែកឯ FIFA 22 Legacy Edition នឹងមានសម្រាប់ Nintendo Switch ផងដែរ។ នៅក្នុងពេលនេះ EA ក៏បានបើកឲ្យអ្នកដែលមានចំណាប់អារម្មណ៍ធ្វើការ Pre-Order នៅលើវេបសាយផ្លូវការរបស់គេជាមុនដូចគ្នា ហើយសម្រាប់ចំណុចសំខាន់លម្អិត ទាក់ទងនឹងហ្គេមបាល់ទាត់ថ្មីនេះ EA នឹងបង្ហាញបន្ថែមនៅពេលក្រោយ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង