ហ្គេម The Witcher 3: Wild Hunt សម្រាប់ PS5 និង Xbox Series X/S នឹងត្រូវដាក់ឲ្យលេងជាផ្លូវការ នៅក្នុងឆ្នាំ 2021 នេះ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន CD Projekt Red បានប្រកាសចេញឲ្យយើងដឹងថា ហ្គេម The Witcher 3: Wild Hunt សម្រាប់ PS5 និង Xbox Series X/S នឹងត្រូវដាក់ឲ្យលេងជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2021 នេះតែម្តង។ មិនមែនមានតែម៉ាស៊ីនហ្គេមជំនាន់ថ្មី PS5 និង Xbox Series X/S នោះទេ ដែលទទួលបានកំណែអាប់ដេត Next-Gen ដោយកុំព្យូទ័រក៏ទទួលបានកំណែអាប់ដេតដ៏ធំមួយនេះដូចគ្នាផងដែរ។

លើសពីនេះ កំណែអាប់ដេត Next-Gen របស់ហ្គេម The Witcher 3: Wild Hunt សម្រាប់ PS5, Xbox Series X/S និងកុំព្យូទ័រ ក៏បានភ្ជាប់មកជាមួយវគ្គថ្មី (DLC) ដែលយកលំនាំតាមរឿងភាគ The Withcher ក្នុង Netflix ថែមទៀតផង។ ផ្អែកទៅតាមការបញ្ជាក់របស់ CD Projekt Red ផ្ទាល់ បានធ្វើឲ្យយើងដឹង កំណែអាប់ដេត Next-Gen របស់ហ្គេម The Witcher 3: Wild Hunt សម្រាប់ PS5, Xbox Series X/S និងកុំព្យូទ័រ នឹងទទួលបានការកែប្រែទៅលើក្រាហ្វិកឲ្យកាន់តែច្បាស់ជាងមុនថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ វាក៏ទទួលបានមុខងារ Ray Tracing និងល្បឿន Loading Times លឿនជាងមុនផងដែរ។

យ៉ាងណាមិញ ខណៈពេលនេះ CD Projekt Red មិនទាន់បានបញ្ជាក់ឲ្យយើងដឹងទេថា កំណែអាប់ដេត Next-Gen របស់ហ្គេម The Witcher 3: Wild Hunt សម្រាប់ PS5, Xbox Series X/S និងកុំព្យូទ័រ នឹងត្រូវដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ឬក៏យ៉ាងណានោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ប្រិយមិត្តអ្នកអានដែលមាន PS5, Xbox Series X/S ឬកុំព្យូទ័រ ហើយមិនធ្លាប់បានលេងហ្គេម The Witcher 3: Wild Hunt ពីមុនមក ឬធ្លាប់លេងហើយ ប៉ុន្តែចង់លេងសាឡើងវិញម្តងទៀត។

ប្រភព ៖ CD Projekt Red
អត្ថបទទាក់ទង