Netflix នឹងចាក់បញ្ចាំងរឿងភាគ The Witcher រដូវកាលទី 2 នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាង 2 ឆ្នាំមក ទីបំផុតរឿងភាគ The Witcher រដូវកាលទី 2 ទទួលបានថ្ងៃចាក់បញ្ចាំងជាផ្លូវការហើយ ដោយត្រូវនឹងថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 ខាងមុខនេះ។ ការប្រកាសចេញថ្មីៗនេះ ត្រូវបានធ្វើឡើងនៅព្រឹត្តិការណ៍ WitcherCon ព្រមទាំងរួមជាមួយនឹងវីដេអូ Teaser Trailer ថ្មីលើឆានែល YouTube របស់ Netflix ថែមទៀតផង។

បើយោងតាមវីដេអូថ្មីលើកនេះ គឺបានដាក់បង្ហាញត្រួសៗអំពីតួ Geralt of Rivia (សម្ដែងដោយលោក Henry Cavill) ចាប់ផ្ដើមផ្ដល់មេរៀន និងបង្រៀនទៅឲ្យតួ Ciri (សម្ដែងដោយកញ្ញា Freya Allan)។ លើសពីនេះ តួ Jaskier (សម្ដែងដោយលោក Joey Batey) ត្រៀមត្រឡប់មកវិញរួចជាស្រេចដូចគ្នា និងផ្នែកនាទីចុងក្រោយនៃវីដេអូថ្មីនេះ យើងក៏ឃើញមានវត្តមានបន្ដិចរបស់តួ Yennefer (សម្ដែងដោយកញ្ញា Anya Chalotra)។ ចំណែកឯអ្នកគាំទ្រក៏នឹងរីករាយ ជាមួយវត្តមានរបស់តួថ្មីៗបន្ថែមទៀតដែរ ដោយបានបង្ហើបឲ្យឃើញបន្ដិចៗ នៅក្នុងវីដេអូខាងក្រោមនេះ។

ដោយសារតែ ការរីករាលដាលនៃវីរុសកូវីដ-19 ទើបបានធ្វើឲ្យផលិតកម្ម និងខ្សែភាពយន្ដទាំងអស់ បង្ខំចិត្តឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន ទើបអាចចាប់ផ្ដើមថតជាបណ្ដើរៗឡើងវិញ កាលពីដើមឆ្នាំ 2021 កន្លងទៅនេះ។ ហាក់បីដូចជា រឿងភាគ The Witcher រដូវកាលទី 2 ត្រូវបានបញ្ចប់ការថត នៅអំឡុងខែមេសាឆ្នាំនេះ ប៉ុន្ដែនៅពេលដំបូងឡើយ ពួកគេមានគម្រោងថតបញ្ចប់ និងចាក់បញ្ចាំងតាំងពីឆ្នាំ 2020 មកម្ល៉េះ។

ប្រភព ៖ Netflix
អត្ថបទទាក់ទង