PUBG Mobile អាប់ដេតថ្មី បានដាក់បញ្ចូលរថយន្ត Tesla Model Y ជាមួយមុខងារបើកបរស្វ័យប្រវត្តិទៀតផង
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ PUBG Mobile បានប្រកាសចេញកំណែអាប់ដេតថ្មីមួយរបស់ខ្លួន មកដល់ជំនាន់ PUBG Mobile 1.5 ដោយក្នុងនោះ គេបានកែប្រែចំណុចសំខាន់ៗជាច្រើន ឲ្យកាន់តែប្រសើរ និងប្លែកជាងមុន ជាពិសេសគឺមានការសហការគ្នាជាមួយក្រុមហ៊ុនរថយន្ត Tesla ថែមទៀតផង។ នៅក្នុងការសហការជាមួយ Tesla នេះដែរ ធ្វើឲ្យហ្គេមខាងលើទទួលបានរថយន្ត Tesla Model Y មួយបន្ថែមទៀត ព្រមទាំងមានការអាប់ដេត ដាក់បញ្ចូលរោងចក្រ Gigafactory នៅក្នុងនោះទៀតផង។

មិនខុសទេ អ្នកលេងអាចស្វែងរករថយន្ត Tesla Model Y ថ្មីនោះបាន នៅក្នុងតំបន់ Erangel ហើយអ្វីដែលពិសេសនៃរថយន្តមួយនេះ ក្នុងហ្គេម PUBG នោះ គឺគេក៏បានដាក់បញ្ចូលមុខងារមួយ អាចឲ្យអ្នកលេងកំណត់ឲ្យ Model Y បើកបរដោយស្វ័យប្រវត្តិ ឬបើកមុខងារ Autopilot សម្រាប់ផ្លូវល្បឿនលឿនទៀតផង (ស្រដៀងនឹងមុខងារ Autopilot លើរថយន្ត Tesla ពិតប្រាកដដែរ)។ បន្ថែមពីនេះទៀត នៅក្នុងតំបន់ Erangel ដដែល អ្នកលេងក៏អាចស្វែងរករោងចក្ររបស់ Tesla ដែលមានឈ្មោះថា Gigafactory បានដូចគ្នា ហើយនោះក៏ជាកន្លែងមួយ អនុញ្ញាតឲ្យអ្នកលេងទាំងអស់ បង្កើតរថយន្ត Tesla Model Y មួយដោយខ្លួនឯងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងនោះក៏មានរថយន្តដឹកទំនិញ Tesla Semi ដែលនឹងបើកបរដោយស្វ័យប្រវត្តិជុំវិញផែនទី ដើម្បីទម្លាក់ជាជំនួយផ្គត់ផ្គង់ផ្សេងៗ នៅពេលរថយន្តរបស់អ្នកខូច។

កំណែអាប់ដេត PUBG Mobile 1.5 លើកនេះ អាចថាជាកំណែអាប់ដេតធំមួយ ដោយមិនត្រឹមតែបន្ថែមរថយន្ត និងរោងចក្ររបស់ Tesla ប៉ុណ្ណោះទេ ប៉ុន្តែក៏បានទទួលការកែប្រែទីតាំងថ្មី មានអាវុធថ្មីដែលមានកម្លាំងខ្លាំងជាងមុន ក៏ដូចជាទទួលបានម៉ូតូហោះថ្មីមួយផងដែរ។ យ៉ាងណាក៏ដោយ បើទោះជាអ្នកឃើញរូបភាព Tesla Roadster និង Cybertruck នៅខាងលើមែន ប៉ុន្តែពេលនេះ វាមិនទាន់មានក្នុង PUBG Mobile នៅឡើយទេ។

និយាយរួមមកវិញ កំណែអាប់ដេតថ្មី ដែលមានការសហការគ្នាជាមួយ Tesla នេះ គឺសម្រាប់តែ PUBG Mobile ប៉ុណ្ណោះ ខណៈពេលដែល PUBG ទូទៅ ដែលលេងនៅលើកុំព្យូទ័រ ក៏ដូចជាម៉ាស៊ីនហ្គេមនោះ មិនមានការដាក់បញ្ចូលនេះទេ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង