Samsung ចាប់ផ្តើមចាត់វិធានការ​ទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីៗស្រដៀង Apple ដែរហើយ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

ត្រលប់ទៅកាលពីខែមិថុនាឆ្នាំ 2021 កន្លងទៅ យើងទទួលបានដំណឹងរាយការណ៍មកថា Apple បានចាត់វិធានការទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីៗជាច្រើនរូប។ ដោយពួកគេទទួលបានលិខិតព្រមាន ក៏ដូចជាដាស់តឿនពីមេធាវីតំណាងឲ្យ Apple។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា Samsung ចាប់ផ្តើមចាត់វិធានការទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីៗស្រដៀង Apple ដែរហើយ។

មិនខុសនោះទេ ផ្អែកទៅតាមការលើកឡើងរបស់អ្នកចែកចាយព័ត៌មានបែកធ្លាយ Max Jambor បានធ្វើឲ្យយើងដឹងថា កាលពីពេលថ្មីៗនេះ Samsung បានចាប់ Copyright ទៅលើរូបភាព និងវីដេអូទាក់ទងទៅនឹងផលិតផលថ្មីរបស់ខ្លួន ដែលមិនទាន់ប្រកាសចេញជាផ្លូវការ។ តាមរយៈលោក Max Jambor ដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា ការចាប់ Copyright គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយ Samsung មានគម្រោងចាត់វិធានការទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីៗឲ្យកាន់តែខ្លាំជាងនេះទៅទៀត បើសិនជាពួកគេមិនព្រមបង្អង់ដៃ ហើយនៅតែបន្តចែកចាយរូបភាព និងវីដេអូ ក៏ដូចជាព័ត៌មានសំខាន់ៗទាក់ទងទៅនឹងផលិតផលថ្មីរបស់ខ្លួន ដែលមិនទាន់ប្រកាសចេញជាផ្លូវការ។

ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Evan Blass បានធ្វើការលុបរូបភាព និងវីដេអូទាក់ទងទៅនឹងផលិតផលថ្មីរបស់ Samsung ដែលមិនទាន់ប្រកាសចេញជាផ្លូវការ ដែលគាត់ធ្លាប់បង្ហោះនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនជាបណ្តើរៗហើយ។ ពាក់ព័ន្ធទៅនឹងរឿង Samsung ចាប់ផ្តើមចាត់វិធានការទៅលើអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីៗនេះដែរ ត្រូវបានគេជឿថា មានហេតុផលស្រដៀងទៅនឹង Apple អញ្ចឹងដែរ

ប្រភព ៖ Max Jambor
អត្ថបទទាក់ទង