ចិនចាប់ផ្ដើមស្កេនផ្ទៃមុខពិនិត្យអាយុ អ្នកលេងហ្គេមលើទូរសព្ទ នៅរៀងរាល់ពេលយប់
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ការលេងហ្គេមលើទូរសព្ទឆ្លាត ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាបុគ្គលម្នាក់នោះមានអាយុប៉ុន្មាននោះទេ សុទ្ធតែអាចលេងជាប្រចាំថ្ងៃបានដូចៗគ្នា។ ហេតុដូច្នេះហើយ រដ្ឋាភិបាលប្រទេសចិន ក៏បានបន្ដធ្វើការទប់ស្កាត់ ការញៀនហ្គេមរបស់ក្មេងៗមួយចំនួន តាមរយៈការប្រើប្រាស់មុខងារស្កេនផ្ទៃមុខ នៅពេលហួសម៉ោង 10 យប់ រហូតដល់ម៉ោង 8 ព្រឹក។

ជាការពិតណាស់ ទូរសព្ទឆ្លាតសុទ្ធតែមានកាមេរ៉ា Selfie ខាងមុខទាំងអស់ទៅហើយ ដូចនេះរដ្ឋាភិបាលប្រទេសចិន ក៏យកអត្ថប្រយោជន៍នោះ ដើម្បីមកស្កេនសម្គាល់អាយុ របស់អ្នកលេងតែម្ដង។ ឧទាហរណ៍ថា ផុតម៉ោង 10 យប់ទៅ ប្រសិនបើអ្នកបើកហ្គេមលើទូរសព្ទឆ្លាត នោះវានឹងសុំថតផ្ទៃមុខរបស់អ្នក ហើយបើវាគណនាឃើញថា អ្នកពិតជាគ្រប់អាយុមែន ដូច្នេះវានឹងអនុញ្ញាតឲ្យបន្ដលេង។

ទោះបីជាយ៉ាងណាក្ដី បើសិនជាក្មេងលួចបើកលេង ហើយវាគណនាដឹងថាមិនទាន់គ្រប់អាយុ នោះវានឹងហាមឃាត់មិនឲ្យ បន្ដចូលលេងបានទៀតឡើយ។ នាពេលបច្ចុប្បន្ននេះ ហ្គេមសរុបដល់ទៅជាង 60 ហ្គេមរបស់ Tencent ចាប់ផ្ដើមធ្វើតាមច្បាប់ថ្មីនេះហើយ ដោយរួមមានដូចជាហ្គេម Honor of Kings ដ៏ល្បីល្បាញនោះឯង។

បន្ទាប់ពីប្រកាសចេញច្បាប់ថ្មីនេះភ្លាម ក៏បានធ្វើឲ្យរបាំងមុខមនុស្សចាស់ មានការលក់ដាច់កើនឡើងដល់ 7,000% ឯណោះ នៅលើទីផ្សារប្រទេសចិន។ តើអ្នកទាំងអស់គ្នា គាំទ្រឲ្យរដ្ឋាភិបាលស្រុកយើង ធ្វើតាមវិធីបែបនេះដែរទេ? ឬក៏មានដំណោះស្រាយផ្សេងពីនេះទៀត?

ប្រភព ៖ Ars Technica
អត្ថបទទាក់ទង