ប្រាក់ចំណេញប្រចាំត្រីមាសទី 2 របស់ Samsung មានកំណើនខ្ពស់ឡើងដល់ខ្ទង់ 53% ឯណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ត្រីមាសទី 2 ត្រូវបានបញ្ចប់ហើយ ដោយគិតចាប់តាំងពីការចាប់ផ្តើមខែមេសា រហូតមកដល់ខែដំណាច់ខែមិថុនាកន្លងទៅ ដែលក្នុងនោះក៏មានក្រុមហ៊ុនធំៗមួយចំនួន ចាប់ផ្តើមបង្ហាញពីចំណូលដែលខ្លួនរកបាន នៅក្នុងអំឡុងត្រីមាសមួយនេះ ជាបណ្តើរៗហើយដែរ។ ជាក់ស្ដែង Samsung ក៏បានធ្វើការបង្ហាញពីប្រាក់ចំណូល ក៏ដូចជាប្រាក់ចំណេញដែលគេរកបាន ក្នុងអំឡុងត្រីមាសទី 2 មកជាផ្លូវការហើយ ប៉ុន្តែនេះជាការបង្ហាញពីតួរលេខរំពឹងទុកជាមុនសិន ខណៈតួរលេខជាក់ស្ដែងពិតប្រាកដ នឹងបញ្ជាក់ប្រាប់នាពេលឆាប់ៗខាងមុខ។

យោងតាមការបង្ហាញចេញពី Samsung ផ្ទាល់ បានឲ្យដឹងថា ប្រាក់ចំណូលសរុបដែលគេរកបាន ក្នុងអំឡុងត្រីមាសទី 2 កន្លងទៅនេះ គឺបានប្រមាណជាខ្ទង់ 55.4 ពាន់លានដុល្លារឯណោះ ដែលកើនឡើងខ្ពស់ជាងមុនខ្ទង់ 19% បើធៀបនឹងត្រីមាសទី 2 កាលពីឆ្នាំ 2020។ ក្រឡេកទៅមើលប្រាក់ចំណេញសរុប ដែលគេទទួលបានវិញ គឺប្រមាណជាខ្ទង់ 11 ពាន់លានដុល្លារឯណោះ ហើយនេះជាកំណើនខ្ពស់បំផុតមួយ ពោលគឺបើធៀបនឹងត្រីមាសទី 2 ឆ្នាំមុន ឃើញថាកើនឡើងដល់ទៅខ្ទង់ 53% ថែមទៀតផង។ 

ប្រាក់ចំណេញដែលកើនឡើងខ្ពស់នេះ Samsung បានប្រាប់ថា គេទទួលបានមួយផ្នែកធំមកពី អាជីវកម្មលក់ឈីបតែម្ដង នោះគឺដោយសារតម្រូវការ នៃការប្រើប្រាស់ឈីប ក៏ដូចជា Memory Chips នៅលើឧបករណ៍ Computing មានកើនឡើងខ្ពស់ដូចគ្នា ហើយម្យ៉ាងវិញទៀត ដូចយើងបានដឹងអញ្ចឹងថា Samsung គឺជាក្រុមហ៊ុនផលិតឈីបធំបំផុតមួយ នៅលើអាជីវកម្មនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលបានប្រាក់ចំណេញច្រើន មកពីអាជីវកម្មលក់ឈីបនេះ ក៏ព្រោះតែបច្ចុប្បន្ន ពិភពលោកកំពុងតែជួបប្រទះបញ្ហាខ្វះខាតឈីបប្រើប្រាស់ ជាហេតុដែលធ្វើឲ្យមានការឡើងថ្លៃខ្ពស់ ទៅលើផលិតផលផ្សេងៗ ក្នុងទីផ្សារមួយនេះផងដែរ។ យ៉ាងណាក៏ដោយ មិនមែនតែផ្នែកឈីបមួយទេ ដែលផ្តល់តួរលេខកើនឡើងដ៏ខ្ពស់នោះ ទៅឲ្យ Samsung ជាក់ស្ដែងគេក៏ទទួលបានមកពីការលក់ឧបករណ៍ Computing របស់ខ្លួន ក៏ដូចជាមកពីផ្នែកអាជីវកម្មផលិតបន្ទះអេក្រង់ដូចគ្នា។ 

ប្រភព ៖ SamMoblie
អត្ថបទទាក់ទង