Nintendo បានប្រកាសចេញម៉ាស៊ីនហ្គេម Switch ម៉ូឌែលថ្មី ប្រើអេក្រង់ OLED ទំហំ 7 អ៊ីញ ជាមួយតម្លៃដើម 350 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន SHARE

 

កាលពីយប់មិញនេះ Nintendo បានផ្តល់ភាពភ្ញាក់ផ្អើលទៅឲ្យអ្នកគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង ដោយពួកគេបានប្រកាសចេញម៉ាស៊ីនហ្គេម Switch ម៉ូឌែលថ្មី ប្រើអេក្រង់ OLED ហើយវាមានតម្លៃថ្លៃជាង Switch ដែលបានប្រកាសចេញកាលពីឆ្នាំ 2017 កន្លងទៅ ខ្ទង់ 50 ដុល្លារ។ ដោយ Switch ម៉ូឌែលថ្មី ប្រើអេក្រង់ OLED មានតម្លៃដើមខ្ទង់ 350 ដុល្លារ ហើយវានឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ខាងមុខ។

Switch ម៉ូឌែលថ្មី បានបំពាក់មកជាមួយអេក្រង់ទំហំដល់ទៅ 7 អ៊ីញ ខណៈ Switch ដែលបានប្រកាសចេញកាលពីឆ្នាំ 2017 មានអេក្រង់ទំហំត្រឹម 6.2 អ៊ីញ ប៉ុណ្ណោះ។ Switch ម៉ូឌែលថ្មី អាចបង្ហាញរូបភាពក្នុងកម្រិត HD (1280 x 720 ភិចស៊ែល) នៅពេលកាន់លេងដោយផ្ទាល់។ នៅពេលប្រើជាមួយ Dock វិញ Switch ម៉ូឌែលថ្មី មានសមត្ថភាពអាចបង្ហាញរូបភាពដល់កម្រិត Full HD (1920 x 1080 ភិចស៊ែល)។ ក្រៅពីមានអេក្រង់ធំជាងមុនហើយ Switch ម៉ូឌែលថ្មី ក៏ទទួលបានជើងទម្រធំ និងរឹងមាំជាងមុនផងដែរ។ ជាងនេះទៅទៀត ជើងទម្ររបស់ Switch ម៉ូឌែលថ្មី ក៏មានសមត្ថភាពអាចបត់បែនបានច្រើនទម្រង់ផងដែរ ខណៈជើងទម្ររបស់ Switch ម៉ូឌែលចាស់ អាចបត់បានតែមួយទម្រង់ប៉ុណ្ណោះ។

មិនទាន់អស់នោះទេ Switch ម៉ូឌែលថ្មី ក៏ទទួលបានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64GB និងអាប់ដេតទៅលើផ្នែក Speaker ថែមទៀតផង។ ដោយវាមានសមត្ថភាពអាចបញ្ចេញសំឡេងបានច្បាស់ល្អជាង Switch ម៉ូឌែលចាស់ នេះក៏អរគុណទៅដល់ Speaker ថ្មី ដែលបានភ្ជាប់មកជាមួយបន្ទះ Motherboard របស់វាតែម្តង។ ជាមួយគ្នានេះ Dock របស់ Switch ម៉ូឌែលថ្មី ក៏ទទួលបានរន្ធ LAN បន្ថែមមួយទៀតផងដែរ។ Switch ម៉ូឌែលថ្មី កើតមកជាមួយជម្រើសចំនួន 2 គឺតួខ្លួនពណ៌ខ្មៅ + ដៃបញ្ជា Joy-Cons ពណ៌ស + Dock ពណ៌ស។ ខណៈជម្រើសមួយផ្សេងទៀត គឺតួខ្លួនពណ៌ខ្មៅ + ដៃបញ្ជា Joy-Cons ពណ៌ខៀវ និងក្រហម + Dock ពណ៌ខ្មៅ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ Switch ម៉ូឌែលថ្មី មិនមានភាពខុសគ្នាជាមួយ Switch ម៉ូឌែលចាស់នោះទេ ដោយអ្វីៗនៅដដែលទាំងអស់។

 

ដោយ​ ៖ Nintendo
អត្ថបទទាក់ទង