ទូរសព្ទឆ្លាតរបស់ OnePlus ចាប់ពី OnePlus 8 Series ឡើងទៅ នឹងទទួលបានកំណែអាប់ដេត Android ចំនួន 3 ឆ្នាំ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីប៉ន្មានសប្តាហ៍មុន OnePlus បានប្រកាសឲ្យមហាជនដឹងថា ពួកគេនឹងធ្វើការច្របាច់បញ្ចូលគ្នាជាមួយ OPPO ថែមមួយកម្រិតទៀត ដើម្បីអាចនាំយកបច្ចេកវិទ្យាថ្មីៗ ជូនអតិថិជនរបស់ខ្លួនឲ្យបានកាន់តែលឿនជាងមុន។ ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Forum របស់ខ្លួន OnePlus បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា ពួកគេនឹងធ្វើការច្របាច់កូដ ដែលប្រើសម្រាប់បង្កើតផ្ទៃប្រើប្រាស់ OxygenOS និង ColorOS បញ្ចូលគ្នាតែម្តង។

ជាងនេះទៅទៀត OnePlus ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា ទូរសព្ទឆ្លាត OnePlus ដែលត្រូវដាក់លក់នៅលើទីផ្សារសកល នឹងបន្តប្រើផ្ទៃប្រើប្រាស់ OxygenOS ដដែល។ ខណៈទូរសព្ទឆ្លាត OnePlus ដែលត្រូវដាក់លក់នៅលើទីផ្សារប្រទេសចិន នឹងប្រើផ្ទៃប្រើប្រាស់ ColorOS ដូចទៅនឹងទូរសព្ទឆ្លាតរបស់ OPPO អញ្ចឹងដែរ។ លើសពីនេះ OnePlus ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ខ្លួន ចាប់ពី OnePlus 8 Series (រួមបញ្ចូលទាំងត្រកូល T និង R) ឡើងទៅ នឹងទទួលបានកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ចំនួន 3 ឆ្នាំ និងកំណែអាប់ដេតផ្នែកសុវត្ថិភាពចំនួន 4 ឆ្នាំ បន្ថែមទៀត ។

សម្រាប់ទូរសព្ទឆ្លាតលំដាប់មធ្យម ដែលស្ថិតនៅក្នុងត្រកូល Nord / Nord CE ចាប់ពី OnePlus Nord និង Nord CE ឡើងទៅ នឹងទទួលបានកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ចំនួន 2 ឆ្នាំ និងកំណែអាប់ដេតផ្នែកសុវត្ថិភាពចំនួន 3 ឆ្នាំ។ ខណៈទូរសព្ទឆ្លាតលំដាប់ថវិកា ដែលស្ថិតនៅក្នុងត្រកូល Nord N ចាប់ពី Nord N10 និង Nord N100 ឡើងទៅ នឹងទទួលបានកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ចំនួន 1 ឆ្នាំ និងកំណែអាប់ដេតផ្នែកសុវត្ថិភាពចំនួន 3 ឆ្នាំ។

ប្រភព ៖ 9to5Google
អត្ថបទទាក់ទង