របៀបធ្វើការចុះឈ្មោះដំឡើងទៅកាន់ iOS 15 ជំនាន់សាកល្បង Beta ជាសាធារណៈ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

អស់រយៈពេលជិត 2 ខែមកហើយ ដែលក្រុមហ៊ុន Apple បានដាក់បង្ហាញជាផ្លូវការអំពី ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 15 និងទម្លាក់ឲ្យគណនី Developers ដើម្បីធ្វើតេស្ដប្រើប្រាស់មុន ជាបណ្ដើរៗសិន។ ឈានមកដល់ខែកក្កដានេះ Apple ក៏បានបញ្ចេញជំនាន់សាកល្បង Public Beta ទៅឲ្យអ្នកប្រើប្រាស់ទាំងអស់ ដើម្បីអនុញ្ញាតឲ្យចូលរួមធ្វើតេស្ដបានដែរ។ ហេតុដូច្នេះហើយ ក្រុមការងារយើង នឹងប្រាប់ពីរបៀបដំឡើងទៅ iOS 15 ជំនាន់សាកល្បង Beta ជាសាធារណៈ នៅក្នុងអត្ថបទខាងក្រោមនេះ។

គួរបញ្ជាក់មុនផងដែរថា ជំនាន់សាកល្បង Beta នឹងមិនអាចដំណើរការបានល្អ ដូចជាជំនាន់អាប់ដេតផ្លូវការនោះទេ ដោយយើងនឹងឃើញមានកំហុស ក៏ដូចជាបញ្ហាជាក់ជាមិនខាន។ ចំណែកឯទូរសព្ទដែលអាចដំឡើងបាន នោះគឺរួមមានដូចជា iPhone SE (ទាំង 2 ជំនាន់), iPhone 6/6 Plus ឡើងទៅដល់ iPhone 12/12 mini/12 Pro/12 Pro Max និងព្រមទាំង iPod Touch ជំនាន់ទី 7 ជាដើម។

របៀបដំឡើង iOS 15 ជំនាន់ Public Beta

- ចូលទៅកាន់វេបសាយ Apple Beta Software Program តាមរយៈកម្មវិធី Safari ដោយចុចត្រង់នេះ

- ចុះឈ្មោះចូលគណនី Apple ID របស់អ្នក និងចុចលើពាក្យ “Accept” (សម្រាប់អ្នកចុះឈ្មោះលើកដំបូង)

- ស្វែងរកមើលពាក្យ “Enroll Your iOS Device”

- ប្រសិនបើអ្នកចង់រក្សាទុកឯកសារ ពីទូរសព្ទរបស់អ្នកសិន គឺអាចចុចលើពាក្យ “Archive an iOS back with iTunes” (ត្រូវការកុំព្យូទ័រជាមួយកម្មវិធី iTunes)

- ចុចលើប៊ូតុង “Download Profile” និងចុចលើពាក្យ “Allow” នៅពេលមានលោតចេញផ្ទាំងមួយមក

- បើកកម្មវិធី Settings នោះអ្នកនឹងឃើញមានកន្លែង “Profile Downloaded” ដើម្បីឲ្យជ្រើសរើស

- ចូរបិទបើកទូរសព្ទរបស់អ្នកម្ដង (Restart)

- ទីបំផុតអ្នកនឹងអាចចូលទៅកាន់ Settings > General > Software Update ដើម្បីអាប់ដេតឡើងទៅ iOS 15 ជំនាន់ Public Beta បានដោយជោគជ័យ

ដើម្បីលុបចោល iOS 15 ជំនាន់ Public Beta

- ចូលទៅកាន់  Settings > General

- ជ្រើសរើសយក “Profiles and & Device Management”

- លុប Profile មួយនោះចោល រួចបិទបើកទូរសព្ទរបស់អ្នក (Restart)

យ៉ាងណាក៏ដោយ អ្នកមិនអាចត្រឡប់ទៅកាន់ ជំនាន់ផ្លូវការវិញភ្លាមៗនោះទេ ដោយតម្រូវឲ្យចាំរហូតដល់ ពេលដែលមានកំណែអាប់ដេតថ្មី ទើបអាចធ្វើការដំឡើងបានដែរ។ អ្នកទាំងអស់គ្នា ក៏អាចធ្វើការដំឡើងទៅ iOS 14 ជំនាន់ផ្លូវការវិញ តាមរយៈការ Restore ជាមួយកម្មវិធី iTunes លើកុំព្យូទ័រ ប៉ុន្ដែនឹងបាត់បង់ទិន្នន័យទាំងអស់លើទូរសព្ទ ឬក៏អាចធ្វើការ Back Up ឡើងវិញ ប្រសិនបើអ្នកបានរក្សាទុកមុនរួចហើយ។

ប្រភព ៖ Apple
អត្ថបទទាក់ទង