Sony បានទិញយកស្ទូឌីយោ Housemarque ដែលជាអ្នកផលិតហ្គេម Returnal សម្រាប់ PS5 ជាផ្លូវការហើយ
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

មិនខុសនោះទេ ដោយកាលពីយប់មិញ តាមរយៈគេហទំព័រ និងគណនីបណ្តាញសង្គមធំៗរបស់ខ្លួន Sony បានបញ្ជាក់ឲ្យយើងបានដឹងថា ពួកគេបានទិញយកយកស្ទូឌីយោ Housemarque ដែលជាអ្នកផលិតហ្គេមផ្តាច់មុខ Returnal សម្រាប់ PS5 ជាផ្លូវការហើយ។ ជាមួយគ្នានោះដែរ Sony ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថា មូលហេតុដែលពួកគេសម្រេចចិត្តទិញយក Housemarque ក៏ព្រោះតែពួកគេមានសមត្ថភាពក្នុងការផលិតហ្គេម ដែលអាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍បាន។

លើសពីនេះ Sony ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា មុននឹងសម្រេចិត្តទិញយក Housemarque ជាផ្លូវការនោះ ពួកគេបានសហការជាមួយ Housemarque ដើម្បីផលិតហ្គេមសម្រាប់ម៉ាស៊ីន PlayStation អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង ក្រៅពីហ្គេម Returnal ហើយ Housemarque ក៏ធ្លាប់បានផលិតហ្គេម Super Stardust និង Dead Nation សម្រាប់ម៉ាស៊ីន PlayStation ផងដែរ។ ចំណែកឯ លោក Ilari Kuittinen ត្រូវជាសហស្ថាបនិក និងនាយកគ្រប់គ្រងរបស់ Housemarque វិញ បានលើកឡើងថា ពួកគេពិតជាមានមោទកភាពណាស់ ដែលបានចូលរួមធ្វើជាសមាជិកគ្រួសាររបស់ PlayStation Studio។

ជាងនេះទៅទៀត លោក Ilari Kuittinen ក៏បានរំពឹង និងជឿជាក់ថា ស្ថិតនៅក្រោមការគ្រប់គ្រង់របស់ Sony ពួកគេនឹងមានសមត្ថភាពអាចផលិតហ្គេមកាន់អស្ចារ្យ និងធំជាង Returnal ទៅទៀត។ មិនទាន់អស់នោះទេ ផ្អែកទៅតាមរូបភាព Poster បែកធ្លាយដែលក្រុមការងាររបស់ Sony ច្រឡំដៃបង្ហោះនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួន បានបង្ហាញតម្រុយឲ្យយើងដឹងថា ក្រៅពី Housemarque ហើយ Sony ក៏អាចនឹងទិញយកស្ទូឌីយោ Bluepoint Games ដែលជាអ្នកផលិតហ្គេមផ្តាច់មុខ Demon’s Soul Remake ថែមទៀតផង។

ប្រភព ៖ PlayStation
អត្ថបទទាក់ទង