នេះជារបៀបធ្វើការ Factory Reset កាស AirPods របស់អ្នក នៅពេលវាមានបញ្ហាតភ្ជាប់ ឬរអាក់រអួលសំឡេង
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា AirPods របស់ Apple ពិតជាទទួលបានការគាំទ្រច្រើនមែនទែន មូលហេតុនោះ ក៏ព្រោះតែវាត្រូវបានគេស្គាល់ថា គឺជាកាសឥតខ្សែដែលល្អបំផុតសម្រាប់ iPhone។ យ៉ាងណាមិញ AirPods ក៏មិនខុសពីកាសឥតខ្សែដទៃទៀតនោះដែរ ដោយវាត្រូវពឹងផ្អែកទៅលើ Bluetooth ដើម្បីអាចតភ្ជាប់ទៅកាន់ iPhone ឬ iPad បាន។ ហេតុដូច្នេះហើយ AirPods មិនអាចជៀសផុតពីបញ្ហាតភ្ជាប់ បញ្ហារអាក់រអួលសំឡេង បញ្ហាខ្សោយសំឡេង ឬបញ្ហាសំឡេងរត់មិនទាន់ អ្វីដែលអ្នកប្រើប្រាស់កំពុងតែមើលនៅលើ iPhone ឬ iPad ជាដើម។

ដូច្នេះបើ AirPods របស់អ្នកកំពុងតែជួបបញ្ហាដូចខាងលើ អ្នកអាចសាកល្បងធ្វើការ Factory Reset កាស AirPods របស់អ្នកបាន ព្រោះវាជាវីធីដែលអ្នកជំនាញនិយមប្រើប្រាស់។ អញ្ចឹងកុំឲ្យខាតពេលយូរ យើងទៅស្វែងយល់ពីរបៀបធ្វើការ Factory Reset កាស AirPods ទាំងអស់គ្នា។ ដោយជាដំបូងអ្នកត្រូវដាក់កាស AirPods ទាំងសងខាង ចូលទៅក្នុងប្រអប់សាកថ្ម (Case) របស់ AirPods មុនសិន បន្ទាប់មកបិទគម្រប Case របស់ AirPods ហើយទុកចោលរយៈពេល 30 វិនាទី។ បន្ទាប់មកទៀត បើកគម្រប Case របស់ AirPods វិញ ហើយធ្វើតាមដំណាក់កាលដូចខាងក្រោម។

ប៉ុន្តែមុននឹងចាប់ផ្តើម អ្នកត្រូវប្រាកដថា បានដកគ្រឿង Accessory ចេញពី Case របស់ AirPod អស់ហើយ ដើម្បីងាយស្រួលក្នុងការចុចប៊ូតុង Reset។

- ចូលទៅក្នុង Settings នៅលើ iPhone ឬ iPad របស់អ្នក -> Bluetooth

- ចុចនៅលើ “i” ដែលជារូបតំណាងស្ថិតនៅក្បែរឈ្មោះ AirPods របស់អ្នក -> ចុច Forget This Device Device -> Forget Device

- បន្ទាប់មក ចុចប៊ូតុង Reset ស្ថិតនៅខ្នងខាងក្រោយ Case របស់ AirPods ឲ្យជាប់រយៈពេល 15 វិនាទី រហូតដល់អ្នកឃើញភ្លើង LED នៅខាងក្នុង Case ឬខាងក្រៅ Case លោតភ្លឹបភ្លែប បន្ទាប់មកចេញជាពណ៌សថេរ ជាការស្រេច។

ឥឡូវនេះ អ្នកអាចយក AirPods របស់អ្នកទៅភ្ជាប់ជាមួយ iPhone ឬ iPad របស់អ្នក ដើម្បីប្រើប្រាស់ជាធម្មតាវិញហើយ។ អញ្ចឹងសរុបមកវិញ នេះជាព័ត៌មានដែលបង្ហាញពីរបៀប Factory Reset កាស AirPods របស់ Apple ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាគិតថា វាមានប្រយោជន៍ សូមកុំភ្លេចធ្វើការចែករំលែក (Share) ទៅកាន់មនុស្សដែលអ្នកទាំងអស់គ្នាបានស្គាល់ ដើម្បីឲ្យពួកគាត់បានដឹងផង។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង