Panasonic ប្រែក្លាយទឹកប្រាក់ 30 លានដុល្លារទៅជា 3.6 ពាន់លានដុល្លារ តាមរយៈការវិនិយោគលើ Tesla​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

រថយន្ដអគ្គិសនី Tesla ធ្លាប់បានប្រើប្រាស់ថាមពលថ្ម អាគុយបង្កើតឡើងដោយ Panasonic សម្រាប់ម៉ូឌែល Model S EV ក្នុងកិច្ចព្រមព្រៀងរយៈពេល 3 ឆ្នាំ ដោយរួមមានការផ្គត់ផ្គង់ច្រើនជាង 100 លាន Cells ឯណោះ។ ចំណែកឯប្រាក់វិនិយោគចំនួន 30 លានដុល្លារ របស់ Panasonic ទៅលើ Tesla កាលពីមុន ត្រូវបានកើនឡើងដល់ទៅ 3.6 ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ននេះ។

បើយោងតាមសារព័ត៌មានបរទេស Financial Times និង Nikkei ចុះផ្សាយឲ្យដឹងថា Panasonic បានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង Tesla ទាំងអស់ ជាមួយនឹងតម្លៃ 3.6 ពាន់លានដុល្លារ ដែលបានទិញយកត្រឹម 30 លានដុល្លារ កាលពីពេលដំបូង។ គួរបញ្ជាក់ផងដែរថា Panasonic បានទិញយកភាគហ៊ុនរបស់ Tesla ចំនួន 1.4 លាន នៅក្នុងអំឡុងឆ្នាំ 2010 ក្នុងតម្លៃប្រមាណ 30 លានដុល្លារ ហើយក៏កើនឡើងដល់ 731 លានដុល្លារ នៅក្នុងខែមីនា ឆ្នាំ 2020 និងបន្ដកើនឡើងយ៉ាងលឿនដល់ 3.6 ពាន់លានដុល្លារ នៅក្នុងខែមីនា ឆ្នាំ 2021 កន្លងទៅនេះ។

យ៉ាងណាមិញ លោក Yuki Kusumi ត្រូវជា CEO របស់ Panasonic បានលើកឡើងមកថា ទំនាក់ទំនងរបស់ខ្លួនជាមួយ Tesla គឺនៅល្អដដែលទេ ហើយគាត់ក៏មានគម្រោងវិនិយោគលើ Tesla ឲ្យកាន់តែធំជាងនោះទៀត ប្រសិនបើថាមពលថ្មប្រភេទថ្មី 4680 Lithium-ion (អភិវឌ្ឍន៍ដោយ Tesla ខ្លួនឯងផ្ទាល់) អាចដំណើរការបានជោគជ័យ។

ដោយ​ ៖ Panasonic
អត្ថបទទាក់ទង