អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះមួយរូបរបស់ចិន ទទួលបានលិខិតព្រមានពីមេធាវីតំណាងឲ្យ Apple
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

មិនខុសនោះទេ តាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Kang បានធ្វើឲ្យយើងដឹងថា កាលពីល្ងាចម្សិលមិញ គាត់ទទួលបានលិខិតព្រមានពីមេធាវីតំណាងឲ្យ Apple។ ក្រៅពីលោក Kang ហើយ មេធាវីតំណាងឲ្យ Apple ដដែល ក៏បានផ្ញើលិខិតដាស់តឿនទៅដល់អ្នកចែកចាយព័ត៌មានបែកធ្លាយទាក់ទងទៅនឹងផលិតផលរបស់ Apple មួយចំនួនផ្សេងទៀតផងដែរ។

ផ្អែកទៅតាមការបញ្ជាក់របស់លោក Kang បានធ្វើឲ្យយើងដឹងថា លិខិតដែលគាត់ទទួលពីមេធាវីតំណាងឲ្យ Apple កាលពីល្ងាចម្សិលមិញ បានសង្កត់ធ្ងន់ថា គាត់ និងអ្នកចែកចាយព័ត៌មានបែកធ្លាយផ្សេងទៀត មិនត្រូវបង្ហើប ឬបង្ហាញព័ត៌មានទាក់ទងទៅនឹងផលិតផលថ្មីៗ ដែលមិនទាន់ប្រកាសចេញជាផ្លូវការ ក៏ដូចជាគម្រោងថ្មីៗរបស់ Apple នោះទេ ព្រោះវាអាចធ្វើឲ្យដៃគូប្រកួតប្រជែងរបស់ Apple ទទួលបានព័ត៌មានសំខាន់ៗទាំងនោះ។ លើសពីនេះ Apple ក៏បានធ្វើការ Screenshot រាល់ព័ត៌មានបែកធ្លាយទាក់ទងទៅនឹងផលិតផលរបស់ពួកគេ ដែលលោក Kang បានបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo របស់គាត់ ដើម្បីទុកធ្វើជាភស្តុតាង ថែមទៀតផង។ យ៉ាងណាមិញ លោក Kang បានលើកឡើងថា គាត់មិនធ្លាប់បានបង្ហោះរូបភាពផលិតផលថ្មីៗរបស់ Apple ដែលមិនទាន់ប្រកាសចេញជាផ្លូវការនោះទេ។ ជាងនេះទៅទៀត គាត់ក៏មិនបានយកព័ត៌មានទាំងនោះទៅលក់នោះដែរ។

មិនទាន់អស់នោះទេ ដោយលោក Kang បានលើកឡើងទៀតថា រាល់ព័ត៌មានទាក់ទងទៅនឹងផលិតផលថ្មីៗរបស់ Apple ដែលគាត់បានបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo គ្រាន់តែជាការប៉ាន់ស្មាន ឬយល់ឃើញផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ ហេតុដូច្នេះហើយ គាត់គិតថា វាមិនមានផលប៉ះពាល់អ្វីទៅដល់ Apple នោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ Apple បានលើកឡើងថា ការប៉ាន់ស្មាន ឬយល់ឃើញផ្ទាល់ខ្លួនរបស់បុគ្គល ក៏ធ្វើឲ្យប៉ះពាល់ទៅដល់ការសំងាត់របស់ Apple ផងដែរ។ ជាចុងក្រោយ លោក Kang បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា គាត់នឹងឈប់បង្ហោះព័ត៌មានទាក់ទងទៅនឹងផលិតផលថ្មីៗរបស់ Apple ដែលមិនទាន់ប្រកាសចេញជាផ្លូវការទៀតហើយ។

ប្រភព ៖ Kang
អត្ថបទទាក់ទង