Xiaomi Mi MIX 4 អាចនឹងគាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំងដល់ 80W ឯណោះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Ice Universe បានបញ្ជាក់ឲ្យយើងដឹងថា ទូរសព្ទឆ្លាតជំនាន់ថ្មី Mi MIX 4 របស់ Xiaomi នឹងប្រើប្រាស់អេក្រង់លាតកោង ដូចទៅនឹង Mi 11 Ultra អញ្ចឹងដែរ។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា Mi MIX 4 អាចនឹងវេចខ្ចប់មកជាមួយថាមពលថ្មទំហំដល់ទៅ 5,000mAh (2,500mAh + 2,500mAh) ឯណោះ។

តាមរយៈរបាយការណ៍ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរ Xiaomi Mi MIX 4 ក៏អាចនឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងដល់ 120W និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនឥតខ្សែកម្លាំងដល់ 80W ថែមទៀតផង។ ដូច្នេះមានន័យថា នៅពេលដែល Mi MIX 4 ត្រូវបានប្រកាសចេញ ក៏ដូចជាដាក់លក់ជាផ្លូវការនោះ វាអាចនឹងក្លាយទៅជាទូរសព្ទឆ្លាត ដែលមានសមត្ថភាពអាចសាកថ្មបានលឿនជាងគេបំផុត តាមរយៈបច្ចេកវិទ្យាសាកថ្មឥតខ្សែ។ មិនទាន់អស់នោះទេ តាមរយៈរបាយការណ៍ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Mi MIX 4 អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2021 ខាងមុខ ជាមួយតម្លៃដាក់លក់ចាប់ផ្តើមពី 1,000 ឡើងទៅ។

បន្ថែមពីនេះ ទូរសព្ទឆ្លាតជំនាន់ថ្មី Xiaomi Mi MIX 4 ក៏ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត QHD+ គាំទ្រ Refresh Rate 120Hz ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីនវិញ Mi MIX 4 អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 ឬ 888 Plus គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB ក៏ដូចជាដំណើរការដោយស្បែក MIUI ជំនាន់ 13 ថ្មីចុងក្រោយរបស់ Xiaomi ផងដែរ។

ដោយ​ ៖ MyDrivers
អត្ថបទទាក់ទង