iPhone SE ជំនាន់ថ្មី ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បន្ទះឈីបថ្មី និងគាំទ្រ 5G ផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

Apple នឹងប្រកាសចេញ iPhone SE ជំនាន់ថ្មី នៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2022 ខាងមុខ នេះបើយោងទៅតាមការលើកឡើងរបស់កំពូលអ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo កាលពីល្ងាចម្សិលមិញ។ ដូច្នេះមានន័យថា នៅក្នុងឆ្នាំ 2021 នេះ យើងនឹងមិនបានឃើញវត្តមានរបស់ iPhone SE ជំនាន់ថ្មី នោះទេ។ ជាមួយគ្នានោះ គាត់ក៏លើកឡើងទៀតថា iPhone SE ឆ្នាំ 2022 នឹងមានរចនាបថរូបរាងដូចទៅនឹង iPhone SE ឆ្នាំ 2020 អញ្ចឹងដែរ។

ថ្វីត្បិតតែ iPhone SE ឆ្នាំ 2022 អាចនឹងមានរចនាបថរូបរាងដូចទៅនឹង iPhone SE ឆ្នាំ 2020 ក៏ពិតមែន ប៉ុន្តែវាត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបជំនាន់ថ្មី ដែលមានកម្លាំងខ្លាំងជាងមុនគួរឲ្យកត់សម្គាល់។ ជាងនេះទៅទៀត iPhone SE ឆ្នាំ 2022 ក៏ត្រូវបានគេរំពឹងថា នឹងក្លាយទៅជា iPhone គាំទ្របច្ចេកវិទ្យា 5G ដែលមានតម្លៃថោកជាងគេផងដែរ។ អញ្ចឹងសម្រាប់ប្រិយមិត្តដែលចង់បាន iPhone SE ជាមួយរចនាបថរូបរាងថ្មី និងទាន់សម័យនោះ ប្រហែលជាត្រូវរង់ចាំរហូតដល់ឆ្នាំ 2023 ហើយ ព្រោះ iPhone SE ឆ្នាំ 2023 អាចនឹងទទួលបានការអាប់ដេតទៅលើរចនាបថរូបរាង ខុសប្លែកពី iPhone SE ជំនាន់មុនៗគួរឲ្យកត់សម្គាល់។

តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា iPhone SE ឆ្នាំ 2023 អាចនឹងមានអេក្រង់ធំជាង iPhone SE ជំនាន់មុនៗ។ ដោយវាអាចនឹងបំពាក់មកជាមួយអេក្រង់លាតពេញទំហំ 6.1 អ៊ីញ អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ផងដែរ។ លើសពីនេះ iPhone SE ឆ្នាំ 2023 ក៏អាចនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Touch ID ដែលមានសេនស័របង្កប់ជាប់ជាមួយប៊ូតុង Power ដូចទៅនឹង iPad Air ឆ្នាំ 2020 ថែមទៀតផង។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង