iPhone ឆ្នាំ 2022 អាចនឹងប្រើ Touch ID ក្រោមអេក្រង់ និងមានជម្រើសទំហំអេក្រង់ 6.7 អ៊ីញ ដល់ទៅ 2 ម៉ូឌែល​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ខណៈដែល iPhone ឆ្នាំ 2021 ឬមនុស្សភាគច្រើនហៅថា iPhone 13 Series មិនទាន់ត្រូវបានប្រកាសចេញជាផ្លូវការផងនោះ ព័ត៌មានទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ iPhone ឆ្នាំ 2022 ឬ iPhone 14 Series ត្រូវបានលេចឡើងមកសាជាថ្មីម្តងទៀត។ មិនខុសនោះទេ ដោយនៅក្នុងថ្ងៃនេះ កំពូលអ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo បានបញ្ជាក់ឲ្យយើងដឹងថា iPhone 14 Series នឹងត្រូវចែកចេញជា 4 ម៉ូឌែល។

ជាងនេះទៅទៀត លោក Ming-Chi Kuo ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា ក្នុងចំណោម iPhone 14 Series ទាំង 4 ម៉ូឌែល មាន 2 ម៉ូឌែល បំពាក់មកជាមួយអេក្រង់ទំហំ 6.1 អ៊ីញ និង 2 ម៉ូឌែលទៀត បំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញ។ បើនិយាយឲ្យងាយស្រួលយល់ iPhone 14 Series អាចនឹងមានឈ្មោះហៅថា iPhone 14 (ទំហំ 6.1 អ៊ីញ ម៉ូឌែលធម្មតា), iPhone 14 Max (6.7 អ៊ីញ ម៉ូឌែលធម្មតា), iPhone 14 Pro (6.1 អ៊ីញ ម៉ូឌែលកំពូល) និង iPhone 14 Pro Max (6.7 អ៊ីញ ម៉ូឌែលកំពូល)។ ជាមួយគ្នានេះដែរ ក៏មានន័យថា ក្នុងចំណោម iPhone 14 Series នឹងមិនមានវត្តមានរបស់ iPhone ទំហំ 5.4 អ៊ីញ ទៀតនោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Ming-Chi Kuo បានរំពឹងទុកមុនថា iPhone 14 Max ទំហំ 6.7 អ៊ីញ នឹងត្រូវដាក់លក់ក្នុងតម្លៃក្រោម 900 ដុល្លារ។

មិនទាន់អស់នោះទេ លោក Ming-Chi Kuo ក៏បានបង្ហើបឲ្យយើងបានដឹងបន្ថែមទៀតថា iPhone 14 ម៉ូឌែល Pro ទាំង 2 អាចនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Touch ID ដែលមានសេនស័របង្កប់នៅក្រោមអេក្រង់ ក៏ដូចជាទទួលបានលេនគោលខាងក្រោយទំហំដល់ 48MP ថែមទៀតផង។ ក្រៅពី Touch ID ក្រោមអេក្រង់ និងលេនគោលខាងក្រោយទំហំ 48MP ហើយ iPhone 14 ម៉ូឌែល Pro ទាំង 2 ក៏អាចនឹងបោះបង់ថ្ងាសឆកចោល ហើយប្រើលេនទម្លុះអេក្រង់ជំនួសវិញផងដែរ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង