Samsung ទំនងជាចាប់ផ្តើមធ្វើការទៅលើ Android 12 សម្រាប់ Galaxy S21 Series ហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈព្រឹត្តិការណ៍ជំនួបអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ដែលធ្វើឡើងកាលពីខែឧសភា ឆ្នាំ 2021 កន្លងទៅ Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 12 ជំនាន់សាកល្បងទី 1 ជាផ្លូវការ។ ដោយឡែក កាលពីពេលថ្មីៗនេះវិញ Google ក៏បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 12 ជំនាន់សាកល្បងទី 2 សម្រាប់ឲ្យម្ចាស់ទូរសព្ទឆ្លាតមួយចំនួនទាញយក ក៏ដូចជាដំឡើងប្រើប្រាស់សាកល្បងផងដែរ។

ពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រតិបត្តិការថ្មីខាងលើនេះដែរ កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Max Weinbach បានអះអាងថា Samsung បានចាប់ផ្តើមធ្វើការទៅលើ Android 12 សម្រាប់ Galaxy S21 Series ហើយ។ សម្រាប់កាលបរិច្ឆេទច្បាស់លាស់នៃការបញ្ចេញ Android 12 សម្រាប់ Galaxy S21 Series ជាផ្លូវការ យើងមិនទាន់បានដឹងនៅឡើយនោះទេ ប៉ុន្តែ Android 12 សម្រាប់ Galaxy S21 Series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមកជាមួយផ្ទៃប្រើប្រាស់ OneUI ជំនាន់ថ្មី 4.0 តែម្តង។ ក្រៅពី Galaxy S21 Series ហើយ Galaxy S20 Series ក៏នឹងទទួលបាន Android 12 ជាមួយផ្ទៃប្រើប្រាស់ OneUI ជំនាន់ថ្មី 4.0 ដូចគ្នាផងដែរ។

Samsung ត្រូវបានគេរាយការណ៍ថា នឹងរៀបចំព្រឹត្តិការណ៍ជំនួបអ្នកអភិវឌ្ឍន៍កម្មវិធី (SDC) របស់ខ្លួន នៅក្នុងអំឡុងចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខ ដូច្នេះហើយ ពួកគេអាចនឹងប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយផ្ទៃប្រើប្រាស់ OneUI 4.0 សម្រាប់ Galaxy S21 និង Galaxy S20 Series ជាផ្លូវការ តាមរយៈព្រឹត្តិការណ៍ SDC តែម្តង។

ដោយ​ ៖ Max Weinbach
អត្ថបទទាក់ទង