YouTube ចាប់ផ្តើមទម្លាក់មុខងារ Picture-in-Picture ទៅឲ្យអ្នកប្រើប្រាស់ iOS បណ្ដើរៗហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សម្រាប់អ្នកប្រើប្រាស់ Android មួយចំនួនធំ ប្រាកដជាធ្លាប់បានប្រើប្រាស់មុខងារ Picture-in-Picture ដែល YouTube ទម្លាក់ឲ្យហើយ ដោយនេះជាមុខងារសំខាន់មួយ ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ទៀតផង។ ក្នុងនោះដែរ អ្នកប្រើប្រាស់ iOS បានទន្ទឹងរង់ចាំមុខខាងលើជាយូរដែរហើយ ប៉ុន្តែ YouTube មិនទាន់ទម្លាក់ឲ្យប្រើប្រាស់ផ្លូវការនោះទេ ទើបតែពេលថ្មីៗនេះ YouTube បានបញ្ជាក់ប្រាប់ច្បាស់ហើយថា គេចាប់ផ្តើមទម្លាក់មុខងារ Picture-in-Picture សម្រាប់អ្នកប្រើប្រាស់ iPhone និង iPad ជាបណ្ដើរៗហើយ។

មិនខុសទេ ថ្មីៗនេះ YouTube បានបង្ហាញជាផ្លូវការថា ពេលនេះគេកំពុងតែចាប់ផ្តើមបញ្ចេញមុខងារ Picture-in-Picture ឬហៅថា PiP ទៅកាន់អ្នកប្រើប្រាស់ iOS ជាបណ្ដើរៗហើយ គ្រាន់តែដំណាក់កាលដំបូងនេះ គេនឹងទម្លាក់ទៅឲ្យអ្នកប្រើប្រាស់ YouTube Premium មុន បន្ទាប់មកនឹងទម្លាក់ទៅកាន់អ្នកប្រើប្រាស់ទូទៅដែរ។ យ៉ាងណាក៏ដោយ ជំហានដំបូងគេទម្លាក់ឲ្យសម្រាប់អ្នកប្រើប្រាស់ ក្នុងសហរដ្ឋអាមេរិកមុនប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសផ្សេងៗ គឺមានតែរង់ចាំបន្តទៀតហ្នឹងឯង។ 

សម្រាប់អ្នកដែលមិនទាន់ស្គាល់មុខងារ PiP សូមបញ្ជាក់ថា នេះជាមុខងារមួយ ដែលអាចអនុញ្ញាតឲ្យយើងមើលវីដេអូ YouTube បានក្នុងទំហំតូចលើអេក្រង់ទូរសព្ទឆ្លាត ឬថេប្លេត ខណៈពេលដែលអ្នកអាចបន្តប្រើប្រាស់កម្មវិធីផ្សេងៗទៀតរបស់អ្នកបាន ហើយវីដេអូនោះ គឺនឹងផុសឡើងលើកម្មវិធីទាំងនោះតែម្ដង។

ដើម្បីប្រើប្រាស់មុខងារនេះដែរ គឺមិនពិបាកនោះទេ ដោយអ្នកប្រើប្រាស់គ្រាន់ចុចចាក់វីដេអូណាមួយ ដែលខ្លួនចង់មើល បន្ទាប់ចុចប៊ូតុង ឬក៏ធ្វើការអូស ដើម្បីចូលទៅកាន់ Home Screen វិញ នោះមុខងារ PiP នឹងដំណើរការ ប៉ុន្តែសូមបញ្ជាក់ដែរថា អ្នកប្រើប្រាស់ត្រូវចូលទៅបើកមុខងារ Picture-in-Picture នៅក្នុង Setting នៃកម្មវិធី YouTube ជាមុនសិន។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង