ហ្គេម The Legend of Zelda: Breath of the Wild 2 នឹងដាក់ឲ្យលេងជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំរួចមក ទីបំផុត កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ហ្គេម E3 2021 ក្រុមហ៊ុន Nintendo បានដាក់បង្ហាញ Gameplay ខ្លះៗរបស់ហ្គេម The Legend of Zelda: Breath of the Wild 2 (ឈ្មោះមិនទាន់ផ្លូវការ) ឲ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាមហាជនបានឃើញជាលើកដំបូង។ ជាងនេះទៅទៀត Nintendo ក៏បានបញ្ជាក់ពីកាលបរិច្ឆេទប្រកាសចេញរបស់ The Legend of Zelda: Breath of the Wild 2 ផងដែរ។

មិនខុសនោះទេ ផ្អែកទៅតាមការបញ្ជាក់របស់ Nintendo ផ្ទាល់ បានធ្វើឲ្យយើងដឹងយ៉ាងច្បាស់ថា ហ្គេម The Legend of Zelda: Breath of the Wild 2 នឹងដាក់ឲ្យលេងជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខ។ បើយោងទៅតាមវីដេអូ Gameplay ដែលបង្ហោះនៅលើ YouTube Channel របស់ Nintendo កាលពីយប់មិញនេះ បានបង្ហាញយើងដឹងផងដែថា The Legend of Zelda: Breath of the Wild 2 នឹងមានរបៀបលេងដូចទៅនឹងវគ្គមុនអញ្ចឹងដែរ ដោយអ្នកលេងនឹងត្រូវដើរតួជាតួអង្គឯក Link ដើម្បីបន្តដំណើរផ្សងព្រេង ក៏ដូចជាជួយសង្រ្គោះដែនដីរបស់គាត់ឲ្យរួចផុតពីការឈ្លានពានរបស់ពពួកបីសាច។ ជាមួយគ្នានេះ យើងក៏សង្កតឃើញថា សក់របស់តួអង្គឯក Link ទទួលបានការអាប់ដេតឲ្យមើលទៅឃើញឡូយជាងមុនផងដែរ។

មិនអស់នោះទេ តាមរយៈវីដេអូដដែល ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា The Legend of Zelda: Breath of the Wild 2 ក៏បានបន្ថែម Skill និង អាវុធពិសេសៗថ្មី សម្រាប់ឲ្យអ្នកលេងហាត់រៀន និងដើរស្វែងរកផងដែរ។ គួរបញ្ជាក់ផងថា The Legend of Zelda: Breath of the Wild 2 អាចលេងបានតែនៅលើម៉ាស៊ីនហ្គេម Nintendo Switch ប៉ុណ្ណោះ។ ដើម្បីដឹងឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចុចមើលវីដេអូខាងក្រោមនេះបាន។

ដោយ​ ៖ Nintendo
អត្ថបទទាក់ទង