រូបភាពគំរូថ្មីរបស់ Galaxy Z Fold3 បង្ហាញថា ស៊ុមព័ទ្ធជុំវិញរបស់វាមានលក្ខណៈឈូសរាបជាងមុន​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុន យើងទទួលបានរបាយការណ៍មួយ ដែលបង្ហាញឲ្យយើងដឹងថា Samsung អាចនឹងរៀបចំព្រឹត្តិការណ៍ Unpacked ថ្មីមួយផ្សេងទៀត នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2021 ខាងមុខ ដើម្បីប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនបន្ថែមទៀត។ ដោយក្នុងចំណោមផលិតផលថ្មីៗទាំងនោះដែរ ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមានរបស់ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 3 និង Galaxy Z Fold3 ផងដែរ។

ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Sparrow News យើងបានប្រទះឃើញរូបភាពគំរូថ្មីរបស់ Galaxy Z Fold3 មួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា ស៊ុមព័ទ្ធជុំវិញរបស់វាអាចនឹងមានលក្ខណៈឈូសរាបជាងមុន។ តាមរយៈរូបភាពគំរូដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា Galaxy Z Fold3 នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយ មានរាងជាពងក្រពើទ្រវែង ផ្ទុកលេនសរុបចំនួន 3 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈបញ្ឈរ តម្រៀងជួរពីលើចុះក្រោម ក៏ដូចជាអមមកជាមួយភ្លើង LED Flash 1 គ្រាប់ ស្ថិតនៅក្រោមគេបង្អស់ផងដែរ។ បើយោងទៅតាមព័ត៌មានដែលទទួលបានកន្លងមក ក៏បានបង្ហាញឲ្យយើងដឹងបន្ថែមទៀតថា Galaxy Z Fold3 នឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងរបស់ Samsung ដែលនឹងប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់។

សម្រាប់ផ្នែកខាងក្រៅវិញ Galaxy Z Fold3 នឹងបន្តប្រើប្រាស់លេនទម្លុះអេក្រង់ 1 គ្រាប់ ដូចទៅនឹងជំនាន់មុនរបស់វាដដែល។ ជាងនេះទៅទៀត Galaxy Z Fold3 ក៏ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់មកជាមួយអេក្រង់ខាងក្នុងទំហំ 7.5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត QHD+ និងអេក្រង់ខាងក្រៅទំហំ 6.2 អ៊ីញ។ លើសពីនេះ អេក្រង់ខាងក្នុង និងខាងក្រៅរបស់ Galaxy Z Fold3 ទំនងជាអាចគាំទ្រអេក្រង់ Refresh Rate 120Hz ដូចគ្នា ថែមទៀតផង។

ដោយ​ ៖ Sparrow News
អត្ថបទទាក់ទង