Beats Studio Buds ជាកាសឥតខ្សែថ្មី មានមុខងារទប់សម្លេងរំខាន ជាមួយតម្លៃខ្ទង់ ៦០ ម៉ឺនរៀល ឬ 150 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Beats ទើបប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មីមួយជាផ្លូវការ ដែលត្រូវបានគេហៅថា Beats Studio Buds ដោយក្នុងនោះឃើញថា វាបានបំពាក់មកជាមួយមុខងារសំខាន់ៗមួយចំនួន ស្រដៀងគ្នានឹងមុខងារដែលមាននៅលើ AirPods Pro ដែរ ប៉ុន្តែវាត្រូវបានគេដាក់លក់ ក្នុងតម្លៃទាបខុសគ្នាច្រើនគួរសម។ មិនខុសទេ សម្រាប់រូបរាងអាចនិយាយបានថា Beats Studio Buds ត្រូវបានរចនាមកប្លែកគេ ជាក់ស្ដែងយើងមិនធ្លាប់ឃើញ កាសនៅលើទីផ្សារ ដែលមានរូបរាងបែបនោះឡើយ ចំណែកឯប្រអប់សាករបស់វាវិញ គឺមានរូបរាងបែបសាមញ្ញធម្មតាមិនប្លែកនោះទេ។

កាសឥតខ្សែ Beats Studio Buds បានភ្ជាប់មកជាមួយជម្រើស 3 ពណ៌ដូចជា ស ក្រហម និងចុងក្រោយគឺពណ៌ខ្មៅ។ ទៅលើមុខងារសំខាន់ៗវិញ វាមានភ្ជាប់មកដូចជា មុខងារទប់សម្លេងរំខានពីខាងក្រៅ ក៏ដូចជាមុខងារ Transparency Mode ដូចដែលយើងធ្លាប់ឃើញនៅលើ AirPods Pro ដែរ។ កាន់តែប្រសើរលើកនេះ Beats បានផ្តល់ពិសោធន៍ស្រដៀងគ្នាច្រើន រវាងអ្នកប្រើប្រាស់ដែលភ្ជាប់កាសនោះទៅកាន់ iOS និង Android ហើយកាន់តែប្រសើរទៀតនោះ គឺថាវាបានបំពាក់មមកជាមួយរន្ធសាកថ្មជាប្រភេទ USB-C ថែមទៀតផង មិនមែនរន្ធ Lightning នោះទេ។ ចំណុចសំខាន់មួយ ដែលអ្នកប្រើប្រាស់ iOS ទទួលបានលើស Android នោះគឺថា Beats Studio Buds អាចឲ្យអ្នកប្រើប្រាស់ធ្វើការហៅជំនួយការ Siri បានតាមរយៈសម្លេងនៅលើកាសនោះផ្ទាល់តែម្ដង ខណៈពេលដែលអ្នកប្រើប្រាស់ Android មិនអាចហៅ Google Assistance តាមកាសនោះបានទេ។

សម្រាប់ថាមពលថ្មវិញ Beats បញ្ជាក់ថា វាអាចកំដរអ្នកប្រើប្រាស់បាន 5 ម៉ោងនៅលើកាសទាំងពីរ ជាមួយមុខងារទប់សម្លេងរំខាន ប៉ុន្តែបើបិទមុខងារទប់សម្លេងរំខាន គឺអាចប្រើបានដល់ 8 ម៉ោង ហើយបើគិតទាំងប្រអប់សាករបស់វាវិញ ពេលវេលាសរុបដែលអាចកំដរអ្នកប្រើប្រាស់បាន គឺឡើងដល់ 24 ម៉ោងផងដែរ។ ចំណុចសំខាន់ៗក្រៅពីនេះ គឺថាវាមានភ្ជាប់មកជាមួយមុខងារការពារទឹកកម្រិត IPX4 ព្រមទាំងអាចគាំទ្រជាមួយមុខងារ Find My សម្រាប់ iOS និង Find My Device សម្រាប់ Android ទៀតផង ដូច្នេះអ្នកប្រើប្រាស់អាចធ្វើការស្វែងរកទីតាំងចុងក្រោយរបស់កាសនោះបាន ក្នុងករណីដែលបាត់វា ឬរកវាមិនទាន់ឃើញ។

សម្រាប់តម្លៃវិញ Beats បានដាក់លក់វាជាមួយតម្លៃសមរម្យមួយ បើធៀបនឹងកាសឥតខ្សែដទៃទៀតលើទីផ្សារ ប៉ុន្តែនេះក៏អាចដោយសារគេបានកាត់កង នូវមុខងារសំខាន់ៗមួយចំនួនចេញវិញ ដែលធ្វើឲ្យគេអាចលក់ក្នុងតម្លៃខ្ទង់ 60 ម៉ឺនរៀល ឬ 150 ដុល្លារ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង