ប្រទេសថៃចាប់ផ្ដើមហាមឃាត់ ប្រាក់រូបិយប័ណ្ណឌីជីថល គ្មានប្រភពច្បាស់លាស់ ឬបង្កើតឡើងជា Meme​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ប្រាក់រូបិយប័ណ្ណឌីជីថល (Cryptocurrency) គឺកំពុងតែមានភាពពេញនិយមខ្លាំងទៅៗ ទូទាំងពិភពលោក និងជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង កាលពីពេលថ្មីៗកន្លងទៅនេះ ដោយប្រទះឃើញមានអ្នកចង់ចូលរួម Mining កាន់តែច្រើនឡើងៗ ស្ទើរតែមិនគួរឲ្យជឿ។ យ៉ាងណាមិញ ដោយសារតែ ការកើនឡើងប្រជាប្រិយភាពនេះហើយ ទើបបានបណ្ដាលឲ្យ រដ្ឋាភិបាលប្រទេសថៃ ចង់ពង្រឹងសុវត្ថិភាពបន្ថែមទៀត តាមរយៈការហាមឃាត់ ប្រាក់រូបិយប័ណ្ណឌីជីថលណាមួយ ដែលគ្មានប្រភព ឬគោលដៅច្បាស់លាស់។

គណៈកម្មការមូលបត្រ (SEC) ប្រចាំប្រទេសថៃ បានចាប់ផ្ដើមអនុវត្តការហាមឃាត់ លើប្រាក់រូបិយប័ណ្ណឌីជីថលប្រភេទ Meme ឬបង្កើតឡើងមកដោយសារតែចង់លេងសើចដូចជា Dogecoin ជាដើម។ ចំពោះគោលបំណងនៃច្បាប់ថ្មីនេះ គឺដើម្បីចង់ការពារពាណិជ្ជករ/អ្នកជួញដូរ ពីរូបិយប័ណ្ណឌីជីថល ដែលគ្មានប្រភពច្បាស់លាស់  ប៉ុន្ដែត្រូវបានផ្សព្វផ្សាយដោយ តារានៅលើបណ្ដាញសង្គម និងគ្រាន់តែនិយមតាមៗគ្នាតែម្ដង។ ហាក់បីដូចជា Dogecoin ដែលទទួលបានការពេញនិយមខ្លាំង ក៏ដោយសារតែត្រូវបានលោក Elon Musk បង្ហោះលើបណ្ដាញសង្គមរបស់គាត់ និងនាំឲ្យអ្នកដែលមិនសូវយល់ច្បាស់ពី ប្រាក់រូបិយប័ណ្ណឌីជីថល ក៏ចូលរួមតាមគេឯងដែរនោះ។

ជាការពិតណាស់ មិនមែនមានតែប្រទេសថៃមួយប៉ុណ្ណោះ ដែលមិនសូវជាបង្ហាញការគាំទ្រលើ ប្រាក់រូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយឡែក សាធារណរដ្ឋអេលសាវ៉ាឌ័រ នៃតំបន់អាមេរិកកណ្ដាល អាចនឹងក្លាយទៅជាប្រទេសដំបូងមួយ ដែលគ្រោងនឹងទទួលស្គាល់ប្រភេទប្រាក់នេះ។

ដោយ​ ៖ Bangkok Post
អត្ថបទទាក់ទង